(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ តំណាងអយ្យការលោក តុប ឈុនឡុង បានបន្តបើកការស៊ើបសូលើ ប្រធានក្រុមហ៊ុន GCG ASIA ដែលពាក់ព័ន្ធការយកឈ្មោះ និងរូប របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រើប្រាស់ក្នុងគេហទំព័ររបស់ខ្លួនដោយខុសច្បាប់ និងក្លែងបន្លំមហាជន។
ប្រធានក្រុមហ៊ុនខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយប្រពន្ធ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែបើតាមសមត្ថកិច្ចក្រោយពីសួរនាំ ស្រ្តីជាប្រពន្ធដែលរងការចាប់ខ្លួនជាមួយប្តីនោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដោយសាររកមិនឃើញមានការជាប់ពាក់ព័ន្ធ នឹងបទល្មើសមួយនេះ។
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមហ៊ុន GCG ASIA Co., LTD ជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ផងដែរថា ក្រោយកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ហើយពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា។
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា។
ជាមួយគ្នានេះ នៅក្នុងប្រតិបត្តិការចុះឆែកឆេរនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានឈានទៅដល់ការបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច មន្រ្តីធនាគារជាតិ និងមន្រ្តីគណៈកម្មការមូលបត្រកម្ពុជា ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩៕