(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា បាតុភូត El Nino បានថយចុះឥទ្ធិពលជាបន្តបន្ទាប់ ខណៈរដូវវស្សាបានចាប់ផ្តើមហើយ នៅដើមសប្តាហ៍ទី៣ ខែឧសភានេះ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្រាប់អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា មានដូចខាងក្រោម៖
១៖ ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែឧសភា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយ និងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យរាជធានីភ្នំពេញ និងខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ពុំរាយប៉ាយបានល្អ។
២៖ ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីចាប់ផ្តើមបង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យ កម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនឹងភាពរាយប៉ាយ ក៏កាន់តែបានល្អប្រសើរ។
៣៖ ស៊ីតណ្ហភាពអតិបរមា ស្ថិតនៅចន្លោះពី៣៣ ដល់ ៣៦អង្សាសេ។
៤៖ បាតុភូត Thunderstorm ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានច្រើន ដែលទាមទារឲ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់៕