(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ លោក វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយពង្រឹងមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតក្នុងស្រុកពារាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារជាច្រើនរូប នាឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ ខេត្ត និងរាជធានី អាណត្តិទី៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង។
នៅក្នុងឱកាសនៃពិធីនេះដែរ ប្រធានក្រុមការងារ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិកបក្សទាំងអស់ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ចូលរួមពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។
លោក វង្ស ពិសេន បានបន្ថែមទៀតថា មន្ត្រីដែលជាសមាជិកបក្សទាំងអស់ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក និងមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ហើយត្រូវចេះជួយប្រជាជនដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជនគ្រប់កាលៈទេសៈ។ ដូចគ្នានេះដែរអង្គបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ឱ្យបានគ្រប់គ្នា ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានស្រុក ក្រុង ខណ្ឌ រាជធានី-ខេត្តរបស់ខ្លួន ក៏ដូចជាប្រទេសជាតិយើងទាំងមូល៕