(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ក្នុងវត្តឧត្តមត្រៃសិក្ខារាម ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា នេះជាការប្រែមុខមាត់ថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ដែលពីមុនកន្លែងនេះជាអតីតកន្លែងសមរភូមិប្រយុទ្ធ ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាតំបន់អភិវឌ្ឍ កសាងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ លោកបានអបអរសាទរចំពោះសមិទ្ធផលនៅថ្ងៃនេះ ហើយជំរុញឲ្យខំកសាងបន្តទៀត ចំពោះសមិទ្ធផលនានា មិនបញ្ចប់ត្រឹមថ្ងៃនេះទេ។
លោកបន្តថា ព្រះពុទ្ធសាសានា ជាសាសនាមួយដែលខ្មែរតែងតែប្រកាន់ខ្ជាប់ខ្ជួនជាយូរលង់ណាស់មកហើយ ការបន់ស្រន់ ការជឿទៅលើបុណ្យបាប នេះគឺជាតម្រូវការ របស់វិស័យព្រះពុទ្ធសាសនា ដែលតែងតែឃើញមាននៅគ្រប់ទីកន្លែង ខណៈពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពល្អ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ដូចអ្វីដែលយើងបានឃើញជាក់ស្តែង កន្លែងណាដែលមានប្រជាពលរដ្ឋរស់នៅគឺតែងតែចាប់ផ្តើមនាំគ្នាធ្វើភូមិ ធ្វើឃុំ ហើយកន្លែងនោះ ត្រូវមានសាលារៀន ត្រូវមានពេទ្យ និងដាច់ខាតត្រូវតែមានវត្តអារាម។ សាសានាបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសឲ្យយើងយល់ដឹងពីបុណ្យបាប ធ្វើអ្វីល្អគឺល្អ កុំឲ្យតែសាងបាប ទី១៖ ធ្វើបាបខ្លួនឯង អត់រៀន អត់សូត្រ ដើរបំផ្លិចបំផ្លាញ ទី២៖ ធ្វើបាបឪពុកម្តាយ ទី៣៖ ធ្វើបាបសង្គម ធ្វើបាបអ្នកដ៏ទៃ បំផ្លាញជាតិ»។
លោកបន្ថែមថា ការបង្រៀនប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា មិនមែននៅក្នុងអាវត្តអារាមនោះទេ គឺការបណ្តុះសីលធម៌ គុណធម៌ដោយផ្អែកលើព្រះពុទ្ធសាសនា ជាមួយគ្នានេះការដឹកនាំប្រទេសគឺធ្វើបុណ្យជាមួយប្រជាពលរដ្ឋ គឺធ្វើល្អបានល្អដែលសម្តេចតេជោ បានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ដោយរំដោះប្រទេសជាតិ ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្ត្រីចុះជួយបម្រើប្រជាពលរដ្ឋដោយផ្ទាល់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបន្តថា «ខណៈប្រទេសមានសុខសន្តិភាព យើងរួមគ្នាកសាងដើម្បីភាពរីកចម្រើន បើយើងនៅវាយគ្នា យើងមិនមានឱកាសកសាងប្រទេសនោះទេ។ យើងរួមគា្នទាំងកម្លាំង កាយចិត្ត ថវិកាចូលរួមពីសំណាក់ចារការចៅវត្ត សប្បុរសជិតឆ្ងាយដើម្បីឲ្យសាសនាយើងរស់។ សន្តិភាពយើងឈប់ច្បាំងគ្នា ធ្វើឲ្យយើងមានលទ្ធភាពអាចបង្កបង្កើនផល។ ប្រកបជីវភាពអាចចែករំលែកជួយចែករំលែកគ្នា»។
ឧត្តមសេនីយ៍ឯករូបនេះ ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសតទៅទៀត។ លោកថា សមិទ្ធិផលទាំងនេះ គឺដោយសារការជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានការរីកចម្រើន នឹងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ។ ដូច្នេះត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងរួមគ្នាអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ផ្ទះចំនួន៥ខ្នង ដែលជាអំណោដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជនផងដែរ៕