(វៀតណាម)៖ ក្រោយពីបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ កងទ័ពប្រជាជនវៀតណាមរួចមក គណៈប្រតិភូជាន់ខ្ពស់ នៃកងទ័ពជើងគោកកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើទស្សនកិច្ចនៅតាមបណ្ដាអង្គភាពកងទ័ពប្រជាជនវៀតណាមសំខាន់ៗ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ច និងធ្វើទស្សនកិច្ចសាលានាយទាហាន កងទ័ពជើងគោកទី១ នៃក្រសួងការពារប្រទេសសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
បន្ទាប់មក នៅថ្ងៃដដែលនោះដែរឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចវិទ្យាស្ថានការពារព្រំដែន នៃបញ្ជាការដ្ឋានការពារព្រំដែន។
មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក បានជួបសំណេះសំណាល ជាមួយនឹងសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅទីនោះផងដែរ។
នៅនៅថ្ងៃដដែលនោះ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូ នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ក៏បានធ្វើទស្សនកិច្ចទីបញ្ជាការវរសេនាធំ លេខ ១០២ នៃកងពលធំលេខ ៣០៨ ផងដែរ។
សកម្មភាពមេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមទាំងនេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃកងទ័ពប្រទេសពីរ៕