(ភ្នំពេញ)៖ ជនល្មោភកាមវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ខ្លួនបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលបែកធ្លាយរឿងចាប់រំលោភក្មេងស្រីរងគ្រោះ ខណៈនាងនៅផ្ទះម្នាក់ឯង បណ្ដាលឲ្យមានស្ថានភាពស្លេកស្លាំង និងហូរឈាមតាមប្រដាប់ភេទនោះ ទើបឪពុកម្តាយដាក់ពាក្យប្តឹងសមត្ថកិច្ច តាមចាប់ជនសង្ស័យតែម្តង។
ជនសង្ស័យ ស៊ក សេង អាយុ៤៥ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ជនសង្ស័យរូបនេះ បានរំលោភក្មេងស្រីរងគ្រោះ កាលពីវេលាយប់ថ្ងៃទី១៦ ខែឧសភា ខណៈដែលឪពុកម្ដាយរបស់នាងរវល់ ហើយផ្ញើនាងឲ្យនៅជាមួយជននេះ។ មិនត្រឹមតែរំលោភប៉ុណ្ណោះទេ ជនសង្ស័យថែមទាំងបានប្រើម្រាមដៃ លូកចូលប្រដាប់ភេទក្មេងស្រីទៀតផង។
តាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ចោមចៅ៣ បានឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទីទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្រ្តីជាម្ដាយបាននាំកូនស្រីងូតទឹក ស្រាប់តែឃើញប្រដាប់ភេទកូនស្រី មានរបួសហូរឈាម ហើយទឹកមុខស្លេកស្លាំងថែមទៀតផង។ ដោយមានការសង្ស័យ ក៏បានសួរនាំ តែកូនស្រីមិនប្រាប់ឡើយ រហូតដល់បងស្រីម្នាក់ទៀត ត្រូវជាម្ដាយធំលួងលោមសួរនាំទើប ធ្លាយរឿងដែលជនសង្ស័យចាប់រំលោភ។
ខណៈនោះឪពុកម្ដាយ និងម្ដាយធំមានការហួសចិត្តយ៉ាងខ្លាំង ព្រោះតែទុកចិត្តទៅលើជនល្មោភកាមនោះខ្លាំងពេក រហូតផ្ញើរឲ្យជួយមើលកូនដោយមិនបានគិតដល់ថា ជននេះមានគំនិតអាក្រក់ដល់ម្លឹង។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែឧសភា ទើបធ្វើដំណើរទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជននោះចាត់ការតាមច្បាប់តែម្តង៕