(ភ្នំពេញ)៖ កញ្ញា សាត ស្រីប៉ុច ជាយុវតីមួយរូបជួបគ្រោះអកុសលក្នុងជីវិតដោយពិការដៃទាំងសងខាង។ តែគ្រោះអកុសលដែលមានតាំងពីកំណើតនេះ មិនបានបន្ទុចបង្អាក់ជីវិតរបស់កញ្ញាឱ្យពិការតាមដៃនោះឡើយ គឺនៅតែប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងជីវិត និងប្រឹងប្រែងសិក្សារៀនសូត្រផងដែរ។
បច្ចុប្បន្ន ស្រីប៉ុច មានអាយុ ១៨ឆ្នាំ ហើយបានសិក្សាដល់ថ្នាក់ទី១២ហើយ នៅវិទ្យាល័យឥន្ទ្រទេវី។ កញ្ញារស់នៅជាមួយបងប្អូនប្រុសពីរនាក់ក្នុងបន្ទប់ជួល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មិនត្រឹមតែប្រឹងប្រែងជម្នះការលំបាកក្នុងការសិក្សារៀនសូត្រនោះទេ។ ស្រីប៉ុច ក៏ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ ដើម្បីដោះស្រាយបញ្ហាជីវភាព កញ្ញា សាត ស្រីប៉ុច តែងតែបានឡាយ (Live) លក់ផលិតផលនៅតាមបណ្តាញសង្គម Facebook រកថវិកាមកទ្រទ្រង់ដល់ជីវភាព និងការសិក្សារបស់ខ្លួន។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអតីតសិស្សវិទ្យាល័យឥន្ទ្រទេវី បានប្រទះឃើញការផ្សាយលក់ផលិតផលរបស់កញ្ញា សាត ស្រីប៉ុច ក៏កើតមានការអានិតអាសូរ និងស្ញប់ស្ញែងដល់វីរភាពនៃការតស៊ូក្នុងជីវិតរបស់កញ្ញា ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈសិក្សាមួយចំនួនដល់កញ្ញា ដើម្បីដោះស្រាយការលំបាកក្នុងជីវិត។
ថវិកា និងសម្ភារៈសិក្សាសរុបប្រមាណ ២លានរៀល ត្រូវបានលោក សាម៉ន បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មាននាំទៅប្រគល់ជូនកញ្ញា សាត ស្រីប៉ុច ដោយផ្ទាល់ដៃនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ។ លោក សាម៉ន បណ្ឌិត បានគូសបញ្ជាក់ថា ស្រីប៉ុច ជាយុវតីបានប្រឹងប្រែងជម្នះឧបសគ្គក្នុងជីវិតខ្លាំងណាស់ ហើយបច្ចុប្បន្នកញ្ញាប្រើជើងទាំងគូធ្វើការសព្វបែបយ៉ាងជំនួសដៃ ដែលបានពិការតាំងពីកំណើតនោះ។
ក្រោយទទួលបានថវិកា និងសម្ភារៈសិក្សា កញ្ញា ស្រីប៉ុច បានប្រើជើងទាំងគូរបស់ខ្លួន សរសេរពាក្យពេចន៍ក្នុងចិត្តគោរពថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា។
សូមបញ្ជាក់ដែរថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា ជាបុគ្គលដែលមានទឹកចិត្តសម្បុរសធម៌ និងតែងតែធ្វើសកម្មភាពមនុស្សធម៌ជារឿយជាមួយកុមារកំព្រា ទុរគតជន ក៏ដូចជាអ្នកជួបការលំបាកផ្សេងៗ។ ក្នុងនោះអ្នកព័ត៌មានដែលជួបបញ្ហា និងគ្រោះថ្នាក់ផ្សេងៗតែងតែទទួលការសណ្តោស និងជួយសង្គ្រោះពីសំណាក់លោករដ្ឋមន្ត្រី និងភរិយា៕