(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿនកងកម្លាំងនគរបាលទាំងអស់ ត្រូវសន្យាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសការពារឲ្យបានដាច់ខាតការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ហើយមិនឲ្យមានសត្រូវណា ឬក្រុមឧទ្ទាមក្រៅច្បាប់ណាមកបំផ្លិចបំផ្លាញសុភមង្គល សេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
សារដាស់តឿនទៅកាន់កងកម្លាំងនគរបាល ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញសួរសុខទុក្ខនិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ជាអតីតមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន៤៨១នាក់។
ក្នុងនោះក៏មានការចូលរួមពី លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការ និងលោកនាយប៉ុស្ត៍រដ្ឋបាលទូទាំងខេត្តស្វាយរៀងផងដែរ សរុបចំនួនជាង៨០០នាក់។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានរំលឹកពីអត្ថន័យ និងប្រវត្តិ នៃការបង្កើតនគរបាលជាតិ និងសម្មភាពតស៊ូ និងវីរភាពរបស់ នគរបាលជាតិនាពេលកន្លងមក។ លើសពីនេះ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដោយស្មោះ ចំពោះបងប្អូននិវត្តន៍ ដែលជាអតីតនគរបាលជាតិទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គមជាតិនាពេលកន្លងមក។
អគ្គស្នងការនគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ទៀតថា អតីតយុទ្ធជនដែលជានគរបាលជាតិ គឺជាបុគ្គលមានបទពិសោធន៍ច្រើន ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារប្រទេសជាតិ ដូច្នេះពួកគាត់ គឺជាគំរូដ៏ល្អបំផុតសម្រាប់មន្រ្តីនគរបាលនាពេលបច្ចុប្បន្ន ហើយនគរបាលជំនាន់ក្រោយ គប្បីត្រូវទទួលយកការអប់រំពីរៀមច្បងដែលជាអតីតយុទ្ធជននគរបាលជំនាន់មុន។
លើសពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានជំរុញដល់អតីតយុទ្ធជននគរបាលទាំងអស់ សហការគ្នាជួយអប់រំដល់កូនចៅទាក់ទង និងចរាចរណ៍ បញ្ហាគ្រឿងញៀន។
ឆ្លៀតឱកាសនេះ អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភជាថវិកា ក្នុងនាមអំនោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដល់បងប្អូននិវត្តន៍ជនជានគរបាល ចំនួន៤៨១រូប ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល សរុបថវិកា៤៨លានរៀល៕