(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បាននាំអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥៣គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះដែរលោក សុខ លូ បានលើកឡើថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា បានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក និងចាស់ជរា ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
លោកបញ្ជាក់ថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជននានា ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិលផងដែរ។
បន្ថែមពីនេះលោក សុខ លូ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព ពិសារអាហារដែលចម្អិនបានល្អ ផឹកស្អាត រស់នៅមានអនាម័យ បើមានជំងឺឈឺត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀងហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងរងគ្រោះដោយសារធម្មជាតិ ដូចជា រន្ទះបាញ់ ខ្យល់កន្តាក់រលំដើមឈើ រលំផ្ទះជាដើម។
ក្នុងនោះដែរ បងប្អូនត្រូវប្រុងប្រយ័ត្ន ចំពោះនារីដែលស្ថិតក្នុងវ័យបន្តពូជ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់ យ៉ាងហោចណាស់ឱ្យបាន ៤ដង មុនពេលសម្រាល និងទៅសម្រាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត បើសង្ស័យថាខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាម ដើម្បីទទួលយកថ្នាំពន្យាជីវិតពីគ្រូពេទ្យ និងពិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
អំណោយដែលយកទៅចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, ត្រីខ១យួរ, មី១កេស និងឃីដ១កញ្ចប់ ផងដែរ៕