(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាននិងធនធានធម្មជាតិ» បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភានេះ បន្ទាប់ពីមានពិធីបក់ទង់ចេញដំណើរបស់ក្រុមកីឡាករកីឡាការិនីប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ «ខ្មែរ រ៉ាលី រ៉េដឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ព្រឹត្តិការណ៍កីឡាផ្សារភ្ជាប់នឹងការផ្សព្វផ្សាយនិងអប់រំបរិស្ថាននេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រដោយ ក្រសួងបរិស្ថាន និងរៀបចំដោយក្រុមហ៊ុនខារ៉ាកម្ពុជា និងចូលរួមឧបត្ថម្ភពីក្រុមហ៊ុនឯកជនជាច្រើនទៀតរួមមានក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ជាដើម។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា«ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃដែនជម្រកសត្វព្រៃព្រៃឡង់ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋហើយយើងទាំងអស់គ្នា ចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ក៏ដូចជាលើកតម្កើង និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិនៅជុំវិញតំបន់នោះដែរ»។
នេះជាលើកទី៤ ហើយដែលសហព័ន្ធកីឡាយានយន្តកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះឡើង។ ដោយឡែក ឆ្នាំ ២០១៩នេះជាឆ្នាំទី២ ដែលក្រសួងបរិស្ថានបានចូលរួមគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បង្ហាញជំនឿថា រូបភាពស្តីពីនៃភាពសម្បូណ៌បែប នៃធនធានធម្មជាតិ ក៏ដូចជាជីវភាពបងប្អូនប្រជាសហគមន៍មូលដ្ឋាន នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលបានចូលរួមផ្សព្វផ្សាយ ពីការប្រណាំងយានយន្ត ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះក៏ដូចជាតាមរយៈកីឡាករកីឡាការិនីជាតិ និងអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ប្រណាំងយានយន្តនេះ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជន ឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកបានថ្លែងថា ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តព្រះវិហារ។ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងដែនជម្រក សត្វព្រៃព្រៃឡង់ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដីនៃខេត្តទាំង ៤ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
កីឡាប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដោយចេញដំណើរ ចាប់ពីថ្ងៃទី១៧ ខែឧសភា និងបញ្ចប់វិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន៣រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» លើចម្ងាយផ្លូវសរុបជាង ៦២៤ គីឡូម៉ែត្រ។
ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះ មានការចូលរួមពីការប្រកួតម៉ូតូនិងរថយន្តចំនួន៤៥គ្រឿង និងមានកីឡាករកីឡាការិនី ចំនួន៧២នាក់ មកពីប្រទេសចំនួន ៨ រួមមាន កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្តត់លែន បារាំង និងហូរឡង់៕