(កំពង់ឆ្នាំង)៖ តុលាការខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ទិត្យធានី ហៅប៉ូច ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធការប្រព្រឹត្ត បទល្មើសដើរព្យាបាល និងចាក់ថ្នាំប្រជាពលរដ្ឋដោយខុសច្បាប់ នៅតាមមូលដ្ឋានស្រុកកំពង់ត្រឡាច។
មន្ដ្រីជាន់ខ្ពស់សាលាដំបូងខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះថា ជនត្រូវចោទ ប៉ុល ទិត្យធានី អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច មានមុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម កំពង់ត្រឡាច ត្រូវបានចៅក្រមចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារកាលពីល្ងាចម្សិលមិញ។
ការឃុំខ្លួនអតីតមន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនតាមដីការបស់ព្រះរាជអាជ្ញា ក្រោមបទចោទប្រកាន់ «រំលោភច្បាប់ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល» ដែលដើមបណ្ដឹងគឺជាមន្ទីរសុខាភិបាលខេត្ត បន្ទាប់ពីបុគ្គលរូបនេះ បើទោះបីធ្លាប់ឲ្យធ្វើកិច្ចសន្យាជាច្រើនដង ឲ្យបញ្ឈប់សកម្មភាព ប៉ុន្ដែនៅបន្ដប្រព្រឹត្តដដែល។
ពាក់ព័ន្ធការចាប់ខ្លួនអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងខាងលើ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បញ្ជាក់ថា លោក ប៉ុល ទិត្យធានី បានដើរព្យាបាល និងចាក់ថ្នាំជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ដោយគ្មានវិជ្ជាជីវៈ និងពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីមន្ទីរសុខាភិបាលនោះឡើយ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ដោយយោងតាមពាក្យបណ្ដឹងរបស់មន្ទីរសុខាភិបាល ដែលប្ដឹងចូលទៅកាន់ព្រះរាជអាជ្ញា ហើយកន្លងទៅមន្ទីរសុខាភិបាល ក៏បានហៅបុគ្គលនេះ ទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទៀតផង ដោយត្រូវសុំច្បាប់ត្រឹមត្រូវ តែរូបគេមិនធ្វើតាម។
ពាក់ព័ន្ធការលើកឡើងទៅរកផ្លូវនយោបាយថាឃាត់ខ្លួន លោក ប៉ុល ទិត្យធានី មកពីត្រៀមរៀបចំផែនការទទួលលោក សម រង្ស៊ីនោះ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង ច្រានចោលទាំងស្រុង គឺការឃាត់ខ្លួនជារឿងបទល្មើសរបស់បុគ្គលរូបនេះ ធ្វើខុសនឹងច្បាប់។ បើតាមលោក ឈួរ ច័ន្ទឌឿន ក៏បានបញ្ជាក់ផងដែរថា លោក ប៉ុល ទិត្យធានី ជាសមាជិកប្រតិបត្តិទទួលបន្ទុកផ្នែកហិរញ្ញិក៕