(តាកែវ)៖ លោក ប៊ិន ឈិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំក្រុមការងារគណបក្ស បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាស្រុកក្រុងខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅខេត្តតាកែវ។
ពិធីបើកយុទ្ធនាការឃោសនានេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាជាច្រើននាក់ ដែលប្រព្រឹត្តធ្វើឡើងនៅ នៅមន្ទីរគណបក្សខេត្តតាកែវ។
គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។
សូមបញ្ជាក់ថា គណបក្សនយោបាយនានា ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមឃោសនាបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ចាប់ពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តាមការរៀបចំរបស់ គ.ជ.ប។
សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើង តាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីយប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕