(ព្រះសីហនុ)៖ លោកវេជ្ជបណ្ឌិតសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា មានអ្នកជំងឺស្រ្តីម្នាក់ស្ថិតក្នុងចំណោម៥នាក់ បានស្លាប់ បន្ទាប់ពីបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនេះ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។
លោកបន្តថា អ្នកជំងឺទាំង ៥នាក់នោះ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយម្នាក់ៗមានអាការៈឈឺចុកចាប់ពេញខ្លួន និងមានសភាពធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត សេង ណុង បន្តថា អ្នកជំងឺទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយទំនងជាបានពុលផ្សិត ព្រោះតាមការអះអាង របស់សាច់ញាតិ គឺក្រោយពួកគាត់បានទទួលទាន មុខម្ហូបចំអិនពីបន្លែផ្សិត ក៏កើតមានអាការៈមិនស្រួលខ្លួន ក្អួតចង្អោរ និងចុកចាប់ក្នុងខ្លួនពិបាកដកដង្ហើមជាដើម។
ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋចំនួនទាំង ៥នាក់នោះ គឺភាគច្រើន មានសភាពជំងឺមានអាការៈធ្ងន់ធ្ងរ។ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យនេះ ដើម្បីសង្គ្រោះ មានអ្នកជំងឺស្ត្រីម្នាក់បានស្កាប់ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។
ក្រុមគ្រូពេទ្យបន្តថា ស្ត្រីម្នាក់ ដែលបានជួបគ្រោះថ្នាក់ដល់អាយុជីវិតនេះ គឺស្ថិតក្នុងចំណោមអ្នកជំងឺធ្ងន់ទាំង៥នាក់។ រូបគាត់បានស្លាប់ ក្រោយពេលបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន ដោយសារតែសភាពអ្នកជំងឺធ្ងន់ធ្ងរ ឬបញ្ជូនមកសង្គ្រោះយឺតពេលពេក៕