(ភ្នំពេញ)៖ ថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជា ដែលប្រារព្ធឡើងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត (ខួបទី២៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។
ថ្ងៃនេះដែរក៏ជាថ្ងៃអង្គការសហប្រជាជាតិបានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសាកលអំពីការរួមចំណែក របស់ព្រះពុទ្ធសាសនាក្នុង ពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះហើយនិងកំពុងបន្តនូវ ឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។
ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំឭកសសើរ ការស្តាប់ ធម្មទេសនា និងការសាកសួរសាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្ស ដែលកើតមកពីការធ្វើទាន រក្សាសីលជាដើម តែជាពិសេសទៅទៀតនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពី សារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្តិ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។
១- ថ្ងៃប្រសូត៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយក បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧ គឺសត្តពោជង្ឈង្គ៧ ជាផ្លូវឆ្ពោះទៅរកជោគជ័យក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។
២. ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និង ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។
៣. ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់មនុស្ស-សត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់គប្បីមានមត៌កណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ៕