(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ដល់មន្ត្រីការិយាល័យជំនាញ និងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ដើម្បីដាស់តឿនរំលឹកនិងពង្រឹង នូវនិតិវិធីក្នុងការអនុវត្តច្បាប់ ព្រមទាំងដាក់ចេញនូវផែនការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរំលឹកបន្ថែមដល់នាយទាហាន នាយទាហានរងទាំងអស់ ឲ្យយកចិត្តទុកដាក់ លើការរៀបចំសេដ្ឋកិច្ចគ្រួសារ ថែរក្សាសុខភាពឲ្យបានល្អ ហាត់ប្រាណឲ្យបានទៀងទាត់ ជាពិសេសត្រូវទៅឲ្យគ្រូពេទ្យពិនិត្យសុខភាព យ៉ាងហោចណាស់មួយ ឬពីរដងក្នុងមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសប្រជុំផ្សព្វផ្សាយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមគំនិតផ្តិតនូវបាវចនា អភិក្រម និងអនុសាសន៍១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាទីបញ្ជាការរាជធានីភ្នំពេញផ្ទាល់ ដើម្បីយកទៅដាក់តាំងជានិមិត្តរូប ក្នុងការដាស់តឿនក្រើនរំលឹក ដល់កិច្ចអនុវត្តិ ការងារប្រចាំថ្ងៃរបស់ខ្លួន ដែលរួមមានខ្លឹមសារដូចខាងក្រោម៖
* បាវចនា០២៖ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ
* អភិក្រម០៥៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់
* អនុសាសន៍១០ចំណុច៖
ទី១៖ ត្រៀមខ្លួនជាស្រេចការពារឯករាជ្យ អធិបតេយ្យជាតិ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន។
ទី២៖ រួមជាមួយកម្លាំងផ្សេងទៀតរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ ត្រូវធ្វើឲ្យប្រទេសរបស់យើងទៅជាប្រទេស ដែលមានសុខសន្តិភាពពិតប្រាកដ ដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពដែលរកបានដោយលំបាក។
ទី៣៖ ខិតខំប្រយុទ្ធប្រឆាំងភេវរកម្ម និងវាយកម្ទេចចោលឲ្យទាន់ពេលវេលានូវ ឧបាយកលបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយ:មធ្យោបាយមិនប្រជាធិបតេយ្យ និងផ្ទុយជាមួយរដ្ឋធម្មនុញ្ញ។ កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យអព្យាក្រិតជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ។ យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្ដើមអំណាច ក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយរដ្ឋធម្មនុញ្ញ។
ទី៤៖ សូមឲ្យកងទ័ពទាំងអស់ ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជន ពិសេសពេលមានគ្រោះមហន្តរាយ កងទ័ពជាកូនចៅប្រជាជន នៅទីកន្លែងណាក៏ដោយ ត្រូវមើល ត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋ ដែលមានការលំបាកខិតខំធ្វើនូវកិច្ចការដែលយើងអាចធ្វើទៅរួច ជួយដល់ប្រជាជន ជាពិសេសប្រជាជនដែលមានជីវភាពក្រីក្រជួបការលំបាក ហើយកុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែក ដោយសារតែទង្វើមិនគប្បីនៃកងទ័ពរបស់យើង។
ទី៥៖ ត្រូវគាំទ្រដល់កម្លាំងអនុវត្តច្បាប់ដើម្បីធានាទៅដល់ការការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដ៏ទៃទៀត។ កងទ័ពទាំងអស់ ត្រូវចូលរួមរក្សាព្រៃឈើ មិនត្រូវក្លាយជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើនោះទេ។ ចូលរួមរក្សានូវត្រីធនធានជលផលដ៏កម្ររបស់យើង មិនត្រូវចូលរួមនឹងអំពើអសកម្មនានា ទាក់ទងនឹងវិស័យ ជលផលដែលធ្វើការនេសាទដោយខុសច្បាប់នោះទេ។ ត្រូវចូលរួមរក្សា នូវធនធានធម្មជាតិដ៏ទៃទៀត ដែលមាននៅក្នុងប្រទេសកម្ពុជា។
ទី៦៖ គាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ និងឧក្រិដ្ឋកម្មឆ្លងដែន។ ត្រូវរួមគ្នា មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬអង្គភាពពន្ធដារនោះទេ ប៉ុន្តែត្រូវមានការជួយគាំទ្រទាំងអស់គ្នា ហើយខ្លួនយើងម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា។
ទី៧៖ ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក ការហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំគ្រប់មុខជំនាញទាំងអស់ សម្ភារកាន់តែទំនើប បើមនុស្សមិនទំនើប គឺស្មើនឹងគ្មានសម្ភារទាំងនោះទេ។ ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ មានន័យថា ហូរញើសនៅទីលានហ្វឹកហាត់ គឺកាត់បន្ថយការហូរឈាម និងការស្លាប់នៅទីលានប្រយុទ្ធ ហើយសុំយកឱកាសនេះផ្តាំផ្ញើ សុំខិតខំសម្រកក្បាលពោះ។
ទី៨៖ ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារយុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ ដែលជាគ្រឿងបំពាក់សម្រាប់កងទ័ពរបស់យើង ហើយត្រូវពិនិត្យវាជាប្រចាំ ត្រូវតែថែទាំឲ្យបានគត់មត់ដើម្បីធានាថា អាវុធរបស់យើងនេះប្រើប្រាស់បាន ហើយចំគោលដៅនៅពេលដែលមានការ គឺចំគោលដៅ។
ទី៩៖ យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដើម្បីឲ្យកងទ័ពយើងមានគ្រប់លក្ខណៈសម្បត្តិ និងថែទាំសុខភាព ជម្រកស្នាក់នៅ ទីកន្លែងនានា ម្ហូបអាហារ ត្រូវបន្តការយកចិត្តទុកដាក់មើលថែទាំថែមទៀត នូវជីវភាពរបស់កងទ័ព ហើយអង្គភាពនីមួយៗ ត្រូវម្ចាស់ការធ្វើខ្លួនឯងដើម្បីបន្ថែមទៅលើរបបដែលរដ្ឋផ្តល់ជូន ដោះស្រាយការព្យាបាលឲ្យបានហ្មត់ចត់។ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះកងទ័ព ដែលកំពុងនៅក្នុងជួរត្រូវយកចិត្តទុកដាក់ចំពោះកងទ័ព ដែលបានចូលនិវត្តន៍តាមរយៈសមាគមអតីតយុទ្ធជន។
និងទី១០៖ កងទ័ពត្រូវដើរតួនាទីជាអ្នកការទូត ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាងទំនាក់ទំនងល្អជាមួយ បណ្តាប្រទេសជាមិត្តទាំងអស់ នៅលើពិភពលោក។ តាមរយៈទំនាក់ទំនងល្អជាមួយ ប្រទេសជិតខាងនោះហើយ ដែលធ្វើឲ្យទំនាក់ទំនង រវាងរដ្ឋ និងរដ្ឋ ប្រសើរទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ គឺបានប្រសើរឡើង៕