(ព្រៃវែង)៖ បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រារព្ធខួបលើកទី៧៤ របស់នគរបាលជាតិក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួច នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើការសួរសុខទុក្ខកងកម្លំាងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
ពិធីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការ និងលោកនាយប៉ុស្ដិ៍រដ្ឋបាលទូទាំងខេត្តព្រៃវែង សរុប១៨៤រូប។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ពីអត្ថន័យ និងប្រវត្តិនៃការបង្កើតនគរបាលជាតិ និងសកម្មភាពរបស់នគរបាលជាតិ និងបានធ្វើការថ្លែងអំណរព្រះគុណ ចំពោះព្រះមហាវីរក្សត្រ និងព្រះមហាក្សត្រ និងអគុណចំពោះថ្នាក់ដឹកនាំផ្សេងទៀត ដែលជាស្ថាបនិកនគរបាលជាតិឡើងវិញ បន្ទាប់ពីសម័យប្រល័យពូជសាសន៍។
បន្ថែមពីនេះ អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការដឹកនាំកងកម្លំាងនគរបាលជាតិ ឲ្យទទួលបានជោគជ័យមកដល់បច្ចុប្បន្ន។
លើសពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានណែនាំនូវការងារមួយចំនួនទៀតដូចខាងក្រោម៖
*ទី១៖ នគរបាលត្រូវរួមគ្នាដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ដូចជា បញ្ហាបទល្មើស, ភាពអសកម្មក្នុងសង្គម, យកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋ និងត្រូវកែប្រែចរិតឬកពាររបស់មន្រ្តី ហើយនគរបាលត្រូវធ្វើជាមន្ត្រីបុព្វហេតុ តបតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើតនគរបាលជាតិ។
*ទី២៖ នគរបាលជាតិត្រូវត្រៀមខ្លួន ក្នុងឆ្នាំ២០១៩ ជាមុនសម្រាប់ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប។
*ទី៣៖ ពង្រឹងតួនាទី ភារកិច្ច ជាសេនាធិការឲ្យគណៈបញ្ជាការខេត្ត។
*ទី៤៖ ពង្រឹងយន្តការដឹកនាំកម្លាំងអន្តរាគមន៍ និងប្រចាំបញ្ជា។
*ទី៥៖ ពង្រឹងសមត្ថភាព គុណភាពមន្រ្តីពង្រឹងជំនាញ។
*ទី៦៖ យកចិត្តទុកដាក់ កែប្រែអត្តចរិតរបស់នគរបាល ចំពោះប្រជាពលរដ្ឋ និងត្រូវធ្វើជាមន្ត្រីបុព្វហេតុ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការគៀងគរថវិកាពីសប្បុរសជន និងអគ្គស្នងការរង បានចំនួន៧ម៉ឺនដុល្លារ ដើម្បីកសាងអគារអន្តរាគមន៍សម្រាប់ស្នាក់នៅ និងហូបរួម និងអគារប្រចាំបញ្ជាផងដែរ៕