(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋចំណាកស្រុកប្រមាណជិត ១០០នាក់ មកពី៨ខេត្តផ្សេងគ្នា បានលង់ខ្លួនចាញ់បោកមេខ្យល់ដែលឱ្យពួកគាត់ចូលចាប់ដីរបស់រដ្ឋ ដែលសម្បទានទៅឲ្យក្រុមហ៊ុន ភាពីម៉ិច អភិវឌ្ឍន៍ដំណាំដំឡូងមី ស្ថិតនៅចំណុចដំបូក១០០​ ភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហេតុតែមិនបានក្ដាប់ព័ត៌មានច្បាស់លាស់។

បញ្ហានេះត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការ និងកម្លាំងជំនាញចុះអន្តរាគមន៍រកដំណោះស្រាយ ដោយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោកអភិបាលខេត្តបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់ពីបញ្ហាច្បាប់ និងឲ្យវិលត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។

សកម្មភាពនេះ គឺដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋជាលក្ខណៈគ្រួសារដោយមិនប្រកាន់ និងដាក់ទោសពៃរ៍អ្វីនោះឡើយ សំខាន់គឺផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់ និងសូមឲ្យគោរពច្បាប់ទាំងអស់គ្នា។

លោកអភិបាលខេត្តបានឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះសុទ្ធសឹងមកពីបណ្តាខេត្តផ្សេងៗគ្នាទាំង៨ ដោយសារតែចង់បានដីអាស្រ័យផលពិតប្រាកដ និងចាញ់បោកមេខ្យល់នាំមក។ តែការចង់បាននេះ ប្រជាពលរដ្ឋត្រូវដឹងថាមិនមែនចេះតែចង់បានដោយបំពានច្បាប់ ចាប់យកទីនេះទីនោះឡើយ ផ្ទុយទៅវិញនៅពេលដែលគេអនុវត្តច្បាប់ ប្រជាពលរដ្ឋត្រូវខាតបង់ពេលវេលា និងមានវិប្បដិសារីអស់មួយជីវិត។

លោកបានថ្លែងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនអាចឲ្យប្រជាពលរដ្ឋណាម្នាក់អត់ដីសម្រាប់រស់នៅនោះឡើយ កត្តាដែលសំខាន់ប្រជាពលរដ្ឋត្រូវធ្វើជាពលរដ្ឋល្អ ក្នុងការគោរពច្បាប់របស់ប្រទេស។

ក្រោយពីស្រង់បញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋទាំងជិត ១០០នាក់ ខាងលើរួចរាល់ហើយ លោក ម៉ៅ ធនិន នឹងបញ្ជូនឈ្មោះអ្នកទាំងអស់នោះ ទៅបណ្តាខេត្តដែលពួកគាត់រស់នៅ ហើយលោកនឹងទំនាក់ទំនងដោយផ្ទាល់ទៅអភិបាលខេត្តនីមួយៗ ដើម្បីពិនិត្យបច្ចុប្បន្នភាព និងកង្វះខាតដីពិតប្រាកដ ស្នើសុំដីសម្បទានសង្គមកិច្ច ផ្តល់ជូនពួកគាត់ទៅតាមលទ្ធភាពជាក់ស្តែង។

ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានផ្តល់ជូននូវសារុង មី អង្ករ និងថវិកាសម្រាប់ជាស្បៀង និងមធ្យោបាយត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ព្រមទាំងផ្តល់ជូនលេខទូរស័ព្ទទាំងពីរប្រព័ន្ធរបស់លោក នៅពេលដែលត្រូវការសុំអន្តរាគមន៍ជួយដោះស្រាយបញ្ហាណាមួយ។

សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានផ្តល់ជូនស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រជាង ៧៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ដែលពួកគាត់ទាំងអស់នោះសុទ្ធសឹងមានជីវភាពខ្វះខាតពិតប្រាកដ ខណៈពេលដែលប៉ុន្មានថ្ងៃកន្លងមក មានភ្លៀងធ្លាក់ពិបាកនឹងប្រកបរបររកស៊ីទទួលទាន៕