(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកអះអាងថា ក្រុមប្រជាពលរដ្ឋមកពីស្រុកស្នួល ខេត្តក្រចេះ ដែលឡើងមកតវ៉ាទាមទារដីធ្លីនៅមុខក្រសួងនៅថ្ងៃនេះ គឺជាអ្នកដែលទន្ទ្រានដីរដ្ឋដោយខុសច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងបានបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋទាំងនេះ បានទន្ទ្រានដីរដ្ឋដោយខុសច្បាប់មានទំហំធំចន្លោះពី ៥ហិកតា ទៅ១០០ហិកតា ហើយខ្លះមានដីនៅកន្លែងផ្សេងទៀតផ្ទុយទៅនឹងគោលការណ៍សម្បទានដីសង្គមកិច្ច ដែលមិនអាចទទួលដោះស្រាយបាននោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងក៏បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានក្រុមការងារក្រសួងបានរៀបចំវាស់វែងបែងចែកដីជូនតាមកម្មវិធីសម្បទានដីសង្គមកិច្ចជូនបានចំនួន ១,៨៥៤គ្រួសារ ស្មើនឹងប្រមាណ ៣,៥៤៦.៤ហិកតា។ បច្ចុប្បន្នពួកគេកំពុងបង្កបង្កើនផលលើដីទាំងនោះផងដែរ៕