(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅស្នាក់ការគណបក្សក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅក្នុងពិធីប្រកាសបើកយុទ្ធនាការថ្ងៃនេះ លោក សុខ លូ បានលើកឡើងថា ដើម្បីធានាការពារឯករាជ្យជាតិ សន្តិភាព និងការបន្តអភិវឌ្ឍនៅកម្ពុជា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះក្នុងរាល់ការបោះឆ្នោត គិតទាំងការបោះឆ្នោតលើកនេះផង។ សន្លឹកឆ្នោតមួយសន្លឹក មានតម្លៃខ្ពស់ណាស់ ដែលគណបក្សប្រកួតប្រជែង នៅគ្រប់មណ្ឌលនឹងខិតខំដណ្តើមសំឡេងគាំទ្រ ដើម្បីទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សានីមួយៗ។
លោក សុខ លូ ក៏បានផ្ដាំផ្ញើអង្គបោះឆ្នោតទាំង៤៨ នៃក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងស្ទឹងសែនទាំងអស់ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ហើយសូមពិនិត្យឡើងវិញនូវឯកសារសម្គាល់ខ្លួនដែលត្រូវកាន់ទៅបោះឆ្នោត និងត្រូវរក្សាទុកឲ្យបានល្អ ងាយរកឃើញនៅពេលទៅបោះឆ្នោត៕