(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មានគណបក្សនយោបាយចំនួន៣ តែប៉ុណ្ណោះ ដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ សម្រាប់ថ្ងៃដំបូង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
នៅរាជធានីភ្នំពេញ គណបក្សនយោបាយចំនួន៣ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដោយក្នុងនោះគណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាចេញពីទីស្នាក់ការកណ្តាលបញ្ចប់នៅស្ពានព្រែកតាមាក់ ដោយមានអ្នកចូលរួម៥០នាក់ រថយន្ត០៤គ្រឿង។ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយបានរំសាយទៅតាមគោលដៅ ទាំង១៤ខណ្ឌ ដោយមានអ្នកចូលរួម ៣,៥០០នាក់។ រីឯគណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពចាក់មេក្រូចល័ត និងចែកខិត្តប័ណ្ណ នៅខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។ គណបក្សទាំងនេះ បានបញ្ចប់សកម្មភាពឃោសនារបស់ខ្លួនប្រកបដោយសុវត្ថិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
បើតាម គ.ជ.ប បានបញ្ជាក់បន្ថែមថា បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សានៅក្របខណ្ឌទូទាំងប្រទេស៕