(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យការដាំទុរេនរបស់ប្រជាកសិករ និងត្រួតពិនិត្យស្ថានីយបណ្ដុះកូនឈើក្នុងស្រុកចំនួន២ នៅខេត្តកំពង់ចាម។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កម្មវិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្នាក់ការបក្សខេត្តត្បូងឃ្មុំ។
លោករដ្ឋមន្ត្រី និងសហការីបានចុះពិនិត្យចំការទុរេនរបស់លោក ស៊ីវ ផាន់នី នៅឃុំអារ:ត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឱកាសនោះលោកបានសួរនាំពី សុខទុក្ខបញ្ហា, ជីវភាព, ការបង្កបង្កើនផល និងដំណាំទុរេនកំពុងពេញនិយមលើទីផ្សារនាបច្ចុប្បន្ននេះ។
អ្នកស្រី ស៊ីវ ផាន់នី ម្ចាស់ចំការទុរេនឲ្យដឹងថា បច្ចុប្បន្នដាំទុរេនលើផ្ទៃដី៤.៥ហិកតា ប្រមូលផលបាន១រដូវ១០តោនក្នុង១ហិចតា មានទីផ្សារល្អ, តម្លៃបោះដុំ២ម៉ឺនរៀលក្នុង១គីឡូ។ ចំពោះទិន្នផលឡើងចុះទៅតាមរដូវជាក់ស្ដែងឆ្នាំនេះ អាកាសធាតុក្តៅពេកទិន្នផលធ្លាក់ចុះ។
អ្នកស្រីបន្ថែមថា ភាគម្ចាស់ចំការប្រឈមនឹងបញ្ហាអាកាសធាតុ និងឥណទានការប្រាក់ខ្ពស់។
ក្នុងនោះលោករដ្ឋមន្រ្ដីបានបកស្រាយជូន ម្ចាស់ចំការរឿង៤សំខាន់ពីបញ្ហាមួយចំនួនរួមមាន៖
១៖ ការងារបច្ចេកទេសដាំ, បញ្ហាជម្ងឺ និងការប្រមូលផលទុរេន។
២៖ នីតិវិធីនៃការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
៣៖ ការរៀបចំចងក្រងសហគមន៍ផលិត ដើម្បីធានាបរិមាណផ្គត់ផ្គង់គុណភាព និងបង្កើនតម្លៃបន្ថែម ពិសេសការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
៤៖ ណែនាំឲ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ទាក់ទងជាមួយធនាគារកសិកម្មវៀតណាម ដែលធនាគារនេះកំពុងមានកិច្ចសហការ ជាមួយក្រសួងដើម្បីសិក្សាពីកម្ចីឥណទានមានការប្រាក់ទាបជាងបច្ចុប្បន្ន។
លោក វេង សាខុន សូមសំណូមពរដល់ក្រសួងរ៉ែ និងថាមពលមេត្តាពិនិត្យពិចារណា អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីពីការបញ្ចុះតម្លៃអគ្គីសនី ក្នុងការបូមទឹកដែលតម្លៃបច្ចុប្បន្ន ប៉ះពាល់ដល់តម្លៃបន្ថែមកសិផលយ៉ាងខ្លាំង ហើយតំបន់នេះមិនទាន់បានអនុវត្តនៅឡើយ។
ក្នុងថ្ងៃដដែលនោះលោក វេង សាខុន បានធ្វើដំណើរទៅពិនិត្យស្ថានីយបណ្តុះកូនឈើ នៅស្រុកព្រៃឈ ខេត្តកំពង់ចាម។
លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា បច្ចុប្បន្នស្ថានីយនេះមានផ្ទៃដីចំនួន៦៨ហិចតាគ្របដណ្តប់ដោយ ឈើម៉ៃសាក់ដាំក្នុងឆ្នាំ១៩៩៧ និងសួនអាពាហ៍ពិពាហ៍ដែលមានដាំឈើបេង ធ្នុង និងគ្រញួង ដែលកំពុងធ្វើការគ្រប់គ្រង និងអភិរក្សដោយមន្រ្តីសង្កាត់ ផ្នែក និងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម។
បន្ទាប់ពីបានចុះពិនិត្យពីស្ថានភាពទូទៅរបស់ស្ថានីយរួចមក លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះ ទឹកចិត្តខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលព្រៃឈើ ពិសេសមន្ត្រីប្រចាំការ នៅក្នុងស្ថានីយតែម្តង។
លោក វេង សាខុន បានណែនាំឲ្យរដ្ឋបាលព្រៃឈើទាំងអស់ ត្រូវយកចិត្តទុកដាក់មើលថែរក្សា និងអភិរក្សតំបន់នេះឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីរក្សារព្រៃប្រភពទឹកសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសសម្រាប់កសិករប្រកបរបរកសិកម្ម, ត្រូវរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងសួនបណ្តុះកូនឈើឲ្យមានសកម្មភាពឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតប្រភពចំណូល សម្រាប់បម្រើឲ្យសេចក្តីត្រូវការក្នុងស្ថានីយ និងប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍នាថ្ងៃអនាគតផងដែរ៕