(សៀមរាប)៖ តំណាងសហគមន៍ទេសចរណ៍ចំនួន៧ នៅខេត្តសៀមរាប បានចូលរួមសិក្ខាសាលា ស្ដីពី «សេដ្ឋកិច្ចឌីជីថល និងអេកូទេសចរណ៍» ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្ត និងមានការសហការជាមួយអង្គការ CTC (Conscious Tourism Cambodia) នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។
វត្តមានចូលរួមសិក្ខាសាលានេះមាន លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត និងក្រុមការងារមន្ទីរ និងអ្នកស្រី ជិតកា ម៉ាកាវ៉ា (Ms. Jitka Markava) នាយកប្រតិបត្តិនៃអង្គការ CTC និងបងប្អូនមកពី៧សហគមន៍ ក្នុងខេត្តសៀមរាប រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង, សហគមន៍ទេសចរណ៍ចង្ក្រានរយ, សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង, សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដិ, សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិខ្នារពោធិ៍, បណ្តាញទេសចរន៍ស្រុកបន្ទាយស្រី, ទំនប់ម្កាក់, មជ្ឈមណ្ឌលសំវាសនាផងដែរ។
លោក ង៉ូវ សេងកាក់ បានថ្លែងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង ស្ដីអំពី សេដ្ឋកិច្ចឌីជីថល និងអេកូទេសចរណ៍ ដល់សហគមន៍ទេសចរណ៍ នៅក្នុងខេត្តសៀមរាប។
លោកសង្ឃឹមថា ក្រោយបញ្ចប់សិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍មួយចំនួន ដូចជា៖ យល់ដឹងថាតើអ្វីជាសេដ្ឋកិច្ចឌីជីថល និងអេកូទេសចរណ៍, ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយពីអាជីវកម្មទេសចរណ៍របស់ខ្លួន, ការផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍ តាមរយៈបណ្តាញផ្សព្វផ្សាយនានា, ការយល់ដឹងពីទំនោរបស់ទេសចរ ចំពោះទេសចរណ៍សហគមន៍ និងធម្មជាតិ, រួមនិងការធ្វើអាជីវកម្មទេសចរណ៍តាមរយៈ Online (Booking Tour Online) ជាដើម៕