(សៀមរាប)៖ នៅដើមឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាបានសាងសង់សំណង់ទ្វារទឹក និងស្ពានបេតុងចំនួន ៤ទីតាំង ព្រមទាំងបានស្ដារស្ទឹងប្រវែងជិត ៥ពាន់ម៉ែត្រទៀត ដើម្បីបម្រើផលប្រយោជន៍នានាដល់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា សំណង់ទ្វារទឹក និងស្ពានបេតុងដែលត្រូវបានសាងសង់នោះ រួមមាន៖ សង់ទ្វារទឹកនៅស្ទឹងពួក ស្ថិតនៅភូមិតាទក ឃុំពួក សង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ សង់ស្ពានបេតុងឆ្លងកាត់ស្ទឹងពួក ស្ថិតនៅភូមិតាទក ឃុំពួក ស្រុកពួក សង់ស្ពានបេតុងឆ្លងប្រឡាយរំដោះទឹកជំនន់ នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។
ក្នុងនោះក៏មានការស្ដារស្ទឹងព្រះស្រុកប្រវែង ១,៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក និងស្ដារស្ទឹងពួកប្រវែង ៣,២៧២ម៉ែត្រ កាត់៤ភូមិ ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។
បន្ថែមពីនេះ ក្នុងរបាយការណ៍សង្ខេបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់អាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងទឹក ក៏បានជួសជុលសំណង់ទ្វារទឹកតាកាវថ្មីមានប្រវែង ៨ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ និងជញ្ជូនដីបិទតាមជើងទេរមានទំហំ ៧៨ម៉ែត្រគូប ផងដែរ៕