(ភ្នំពេញ)៖ កងទ័ពមួកខៀវរបស់កម្ពុជា ២៩៨នាក់ ស្រី ២៥នាក់ ដែលជាកងកម្លាំងវិស្វកម្មព្រលានយន្ដហោះលេខ៨៩១ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្ដិភាពក្រោមទង់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។
ពិធីជូនដំណើរកងទ័ពមួកខៀវរបស់កម្ពុជានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកការងារ បញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឲ្យដឹងថា កងកម្លាំងដែលធ្វើពិធីជូនដំណើរនាពេលនេះ បានទទួលការហ្វឹកហ្វឺនលើជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាពពីគ្រូបង្គោលកម្ពុជា និងមន្ដ្រី UNMAS ដើម្បីប្រសិទ្ធភាពក្នុងការចូលរួមដូចបណ្ដាកងមុនៗដែរ ហើយកម្លាំងនេះមកពីបណ្ដាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលជាតិ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានគូសបញ្ជាក់ថា កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ ត្រូវឈរជើងនៅទីតាំងចំនួន ៤រួមមាន៖ Gao, Anefis, Tombuktu និង Mopti រីឯកម្លាំងវិស្វកម្មព្រលានយន្ដហោះឈរជើងនៅតំបន់ Kidal និង Tessalit ដោយពួកគេនាំទៅជាមួយនូវសម្ភារយោធបរិក្ខារ គ្រឿងបន្លាស់ និងឱសថសម្រាប់បំពេញបន្ថែមលើសម្ភារដែលមានស្រាប់ អាចធានាបានរយៈពេល១ឆ្នាំ ព្រមទាំងទទួលបាននូវការហ្វឹកហ្វឺនតាមតម្រូវការ និងការកែលម្អថ្មីពី អ.ស.ប។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ប៉ុល សារឿន បានថ្លែងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងគោលដៅនិរន្ដរភាព នៃការបញ្ជូនកងកម្លាំង រក្សាសន្ដិសុខរបស់ខ្លួន បន្ដចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបន្ដវិភាគទានរួមចំណែកជាមួយសហគមន៍អន្ដរជាតិ ក្នុងបុព្វហេតុសន្ដិភាព នៅលើពិភពលោក។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តលើការងារប្រតិបត្តិការរក្សាសន្ដិភាព ហើយបានត្រៀមកម្លាំងក្នុងប្រព័ន្ធត្រៀមបម្រុងរហ័សរួចជាស្រេច ដើម្បីផ្ដល់ការគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែង តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានប្ដេជ្ញាជំរុញបង្កើនការប្រើប្រាស់ កងកម្លាំងជានារី សម្រាប់ធានានិរន្ដរភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាពយូរអង្វែង។
បើតាមទេសរដ្ឋមន្ដ្រី ប៉ុល សារឿន អស់រយៈពេល១៣ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ប៉ុន្ដែការរក្សាសន្ដិភាព កំពុងជួបប្រទះនឹងបញ្ហាប្រឈមនាន ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាម វាយប្រហារ មកលើកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជា បណ្ដាលឲ្យបាត់បង់ជីវិតនឹងពិការជាច្រើន។
ទេសរដ្ឋមន្ដ្រី ប៉ុល សារឿន ក៏បានថ្លែងអំណរគុណចំពោះវត្តមាន មន្ដ្រីតំណាងអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលតែងតែមានវត្តមានផ្ដល់ការគាំទ្រចូលរួមជាប្រចាំ គ្រប់ពិធីជូន-ទទួលដំណើរដែលជាការលើកទឹកចិត្ត ដល់កងរក្សាសន្ដិភាពកម្ពុជា ក្នុងការចូលរួមបេសកកម្មមនុស្សធម៌ របស់អង្គការសហប្រជាជាតិ។
របាយការណ៍បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូងកងកម្លាំងមួកខៀវចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាចំនួន ៦,០៥៣នាក់ នារី ២៨៥នាក់។ កម្ពុជា បានក្លាយជាប្រទេសដែលបានរួមចំណែកធំបំផុតក្នុងអាស៊ាន ដែលបានមានកម្លាំងរក្សាសន្តិភាពកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្នកងកម្លាំងកម្ពុជា ៧៩៧នាក់ មាននារី ៥៤នាក់ បានដាក់ពង្រាយនៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រីក និងមជ្ឈឹមបូព៌ា៕