(ព្រះសីហនុ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ ដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុ បានចុះណែនាំម្ចាស់ការដ្ឋានសំណង់ របស់ជនជាតិចិន ដែលសង់រំលោភលើចំណីផ្លូវនៅកណ្ដាលទីក្រុងព្រះសីហនុ។
ការដ្ឋានសំណង់នេះ មន្ត្រីសាលាក្រុងព្រះសីហនុ និយាយថា បានចុះណែនាំចំនួន៤ដងមកហើយ តែគ្មានប្រសិទ្ធភាព ដោយក្រុមជាងនៅតែបន្តការងារដោយរលូន ប៉ុន្ដែក្រោយមានការរិះគន់ច្រើន រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះហាមឃាត់ និងបញ្ជាឲ្យរុះរើចេញវិញម្តង។
បើតាមលោក លី ចិត្តនិយម ប្រធានការិយាល័យអភិវឌ្ឍន៍ ខេត្តព្រះសីហនុ និយាយថា ទីតាំងសំណង់របស់ក្រុមហ៊ុនចិននេះ បានសង់រំលោភចូលលើដីចំណីផ្លូវប្រវែង ៣.៧ម៉ែត្រ។ ក្រៅពីការរំលោភលើចំណីផ្លូវសំណង់នេះ ក៏បានសង់ឡើងលើធ្វើឲ្យប៉ះបង្គោ និងខ្សែអគ្គិសនីផងដែរ។
វិធានការចំពោះមុខ លោក លី ចិត្តនិយម ស្នើឲ្យម្ចាស់ការដ្ឋានសំណង់រុះរើចេញដោយខ្លួនឯង ប្រសិនជាម្ចាស់សំណង់មិនអនុវត្តតាម រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះរុះរើ ហើយចាត់វិធានការទៅតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា អាជ្ញាធរស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានមកដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ ក៏ប៉ុន្តែលោកស្នើសុំឲ្យវិនិយោគិនទាំងអស់ ត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមការងារចម្រុះបានចុះហាមឃាត់ និងបញ្ជាឲ្យធ្វើការរុះរើចេញនូវសំណង់រំលោភច្បាប់ជាច្រើនកន្លែង ដែលម្ចាស់សំណង់មួយចំនួនចេះតែលួចសង់រំលោភច្បាប់។
លោក លី ចិត្តនិយម បង្ហាញជំហរយ៉ាងមុតមាំថា ក្នុងនាមជាប្រធានក្រុមការងារ លោកប្តេជ្ញាបន្តបេសកកម្មនេះ ដោយអនុវត្តទៅតាមច្បាប់ និងសេចក្តីជូនដំណឹង ទាក់ទិនវិស័យសំណង់ របស់អភិបាលខេត្តព្រះសីហនុ ដើម្បីធានាបរិស្ថានល្អ និងសុខដុមនីយកម្មជាមួយអ្នកជិតខាង និងសាធារណៈ៕