(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជា ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកសំឡូត ខេត្ត បាត់ដំបង។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង និងប្រធានក្រុមការងារស្រុកសំឡូត និង លោក ឈុំ សុជាត អនុប្រធានក្រុមការងារចុះជួយស្រុកសំឡូត ដោយមានការចូលរួមពីសមាជិក គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកនេះ ជាច្រើននាក់។
គណបក្សនយោបាយនានា ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមឃោសនាបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តាមការរៀបចំរបស់គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនាកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីយប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
ការឃោសនាដោយរឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ម៉ោង២៖០០រសៀល ហាមឃាត់នៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា៕