(ភ្នំពេញ)៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានរៀបចំការផ្តល់ជូនកាន់តែពិសេសសម្រាប់អតិថិជនផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ ១៥០០រៀល ប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលមានសុវត្ថិភាព និងសេវាលឿនរហ័សទាន់ចិត្ត នៅគ្រប់ភ្នាក់ងារ អេ អឹម ខេ។ ការផ្តល់ជូនពិសេសនេះ គឺដើម្បីលើកទឹកចិត្តអតិថិជនទំាងអស់ ជាពិសេសគឺ អតិថិជនដែលនៅតំបន់ឆ្ងាយៗមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់នៅតាមភ្នាក់ងារ អេ អឹម ខេ។
បច្ចុប្បន្ននេះ ភ្នាក់ងារ អេ អឹម ខេ ប្រមាណជិត ៥០០០ កន្លែងនៅទូទំាងប្រទេស កំពុងតែបន្តផ្តល់សេវាល្អ និងមានទំនុកចិត្តដល់អតិថិជនទំាងអស់ ក្រោមការជម្រុញ និងយកចិត្តទុកដាក់ខ្ពស់ ពី អេ អឹម ខេ ផងដែរ។ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជន ថ្មីៗនេះ អេ អឹម ខេ បានផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យាផ្នែកខាងក្នុង ដើម្បីជួយជម្រុញប្រសិទ្ធភាពការងាររបស់ភ្នាក់ងារ ក៏ដូចជាផ្តល់ឲ្យអតិថិជនអាចធ្វើប្រតិបត្តិការបានច្រើន និងងាយស្រួលជាងមុន។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ «អេ អឹម ខេ បាននឹងកំពុងពង្រឹងគុណភាពភ្នាក់ងាររបស់ខ្លួនដោយវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ អេ អឹម ខេ យកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រីកបណ្ណាញប្រតិបត្តិការ ដោយផ្តោតសំខាន់ទៅលើភ្នាក់ងារ ធ្វើយ៉ាងណាដើម្បីឲ្យសេវារបស់យើងនៅជិតផ្ទះអតិថិជន ទោះបីគាត់រស់នៅតំបន់ជនបទក្តី»។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងចាប់ផ្តើមពង្រីកសេវាផ្ទេរប្រាក់ តាំងពីឆ្នាំ ២០១១ មកម្លេះ ហើយបច្ចុប្បន្ននេះ បើគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៧០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជិត ២៦០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៦៥លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត ៥០០០ កន្លែងនៅទូទាំងប្រទេស។
អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕