(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានចេញដីកាមួយកោះហៅលោក ខាន់ សុវណ្ណ អ្នកអត្ថាធិប្បាយតាមបណ្តាញសង្គម Facebook ឱ្យចូលបំភ្លឺក្នុងនាមដើមបណ្តឹង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធនឹងការដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ អ្នកលេង Facebook ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីខែមុន។
ក្នុងបណ្តឹងរបស់លោក ខាន់ សុវណ្ណ នេះបានប្តឹងលោក ផែង វណ្ណៈ ចំនួន៥ករណីជាបទល្មើសព្រហ្មទណ្ឌ ក្នុងនោះមានបទហិង្សាដោយចេតនា, គំរាមថានឹងសម្លាប់, បរិហារកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍។
សូមបញ្ជាក់ថា លោក ខាន់ សុវណ្ណ ដែលគេស្គាល់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្ដឹងចូល សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក ផែង វណ្ណៈ និងបក្ខពួកចំនួន៥បទល្មើស ព្រមទាំងទាមទារសំណងនៃការខូចខាត និងជំងឺចិត្តរហូតជាង១លានដុល្លារអាមេរិក។
ការប្តឹងនេះបានធ្វើឡើងបន្ទាប់ពីបុគ្គល ផែង វណ្ណៈ តាមរយៈ Facebook របស់ខ្លួន បានស្រែកប្រមាថខ្លាំងៗ និងប្រើប្រាស់ពាក្យយ៉ាងអសុរសជាទីបំផុតដល់លោក លោក ខាន់ សុវណ្ណ និងអ្នកដទៃផ្សេងទៀត។
យោងតាមពាក្យបណ្ដឹងដែលអង្គភាព Fresh News ទទួលបានបង្ហាញថា លោក ខាន់ សុវណ្ណ បានស្នើសុំឱ្យតុលាការផ្ដន្ទាទោសលោក ផែង វណ្ណៈ ទៅតាមផ្លូវច្បាប់ ហើយទាមទារសំណងការខូចខាត ចំនួន១លានដុល្លារ និងសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារ និងការខាតបង់ពេលវេលា សេវាកម្មច្បាប់១ម៉ឺនដុល្លារ។
លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។
ការចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើសម្តេចតេជោ ហ៊ុន សែន និងមានចេតនាពេញទី គោលបំណងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន ក៏បានដាក់ពាក្យបណ្តឹងចូល សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹង លោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះ បានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋានច្បាស់លាស់។
នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំងអស់ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ៕