(ភ្នំពេញ)៖ ក្រៅពីការដាំដុះបន្លែហើយនោះ នៅផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅឯក្រុងតាខ្មៅ ខេត្តកណ្តាល ក៏មានចិញ្ចឹមសត្វក្ងោកផងដែរ។
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញវីដេអូឱ្យចំណីសត្វក្ងោកទាំងនោះ ជាមួយការបញ្ជាក់ថា សត្វក្ងោកទាំង១៨ក្បាល គឺកូនប្រុសរបស់សម្តេចយកមកចិញ្ចឹម។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះខ្ញុំបង្ហាញពីសត្វក្ងោកមួយចំនួនក្នុងចំណោមក្ងោក១៨ក្បាលដែលកូនប្រុសខ្ញុំយកមកចិញ្ចឹម។
បង្ហាញមិនបានអស់ទេ ព្រោះមួយចំនួនកំពុងសម្ងំ និង២ក្បាលទៀត (មេ) កំពុងក្រាបពង»។
មួយរយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន តែងបង្ហាញពីការដាំដុះបន្លែបង្ការនៅបរិវេណជុំវិញផ្ទះ ព្រមទាំងបានបំផុសប្រជាពលរដ្ឋឱ្យដាំដុះបន្លែបង្ការនៅជុំវិញផ្ទះទុកបរិភោគផងដែរ។ ការបង្ហាញវីដេអូចិញ្ចឹមសត្វក្ងោកនេះ ត្រូវបានគេមើលឃើញថា ជាការបំផុសស្មារតីមួយដល់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់សត្វព្រៃ ជាពិសេសពពួកសត្វកម្រៗនៅកម្ពុជា ដូចជាសត្វក្ងោកជាដើមនេះ៕