(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យជីវជាំង នៃសាធារណរដ្ឋប្រជាមាតិចិន បានរៀបចំវេទិការវិទ្យាសាស្រ្ត ស្ដីពី ទំនាក់ទំនងចិន-កម្ពុជា លើកទី១ ក្នុងគោលបំណងរៀនសូត្រពីគ្នាទៅវិញទៅមក និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជន រវាងវប្បធម៌ និងវប្បធម៌ បានធ្វើឲ្យទស្សនវិស័យរបស់ប្រទេសទាំងពីរ កាន់តែបើកចំហថែមទៀតផងដែរ។
ក្នុងការរៀបចំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យជីវជាំង នៃសាធារណរដ្ឋប្រជាមាតិចិន។ ក្នុងវេទិកាវិទ្យាសាស្រ្តនេះ ត្រូវបានចូលរួមដោយអ្នកជំនាញ និង វាគ្មិនជាច្រើនរូប មកពីសាកលវិទ្យាល័យ និងស្ថាប័នល្បីៗជាច្រើន នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដូចជា៖ រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យ ស៊ិនយ៉ាតសេន ខេត្តក្វាងទុង, សាកលវិទ្យាល័យ អ៊ូហានខេត្តហ៊ូប៉ី, សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ទីក្រុងប៉េកាំង, សាកលវិទ្យាល័យជីវជាំង ខេត្តជាំងស៊ី ព្រមទាំងគណៈប្រតិភូជាមន្ត្រីរាជការក្នុង និងក្រៅស្រុក និស្សិតកម្ពុជា-និស្សិតចិន ប្រមាណ ២០០នាក់។
ចំពោះគោលដៅ នៃការរៀបចំកម្មវិធីនេះឡើង គឺមានចំណុចសំខាន់បីចំណុច ក្នុងនោះរួមមាន៖ ទី១៖ ការពង្រឹងចំណងមិត្តភាពរវាង ចិន-កម្ពុជា និងសមិទ្ធិផល នៃការកសាងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ, ទី២៖ ជំរុញការអភិវឌ្ឍសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន និងការបន្តនិរន្តរភាពវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងទី៣៖ ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិន។
តាមរយៈការសិក្សាស៊ីជម្រៅអំពីទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពិភាក្សាក្រោមបរិបទ នៃសាកលភាវូបនីយកម្ម ហើយសមិទ្ធិផលនៃទំនាក់ទំនង ចិន-កម្ពុជា នឹងត្រូវបានពិភាក្សាពីវិស័យនយោបាយ សេដ្ឋកិច្ច យោធា វប្បធម៌និងការទូត។
ឆ្លៀតក្នុងឱកាសបើកវេទិកាវិទ្យាសាស្ត្រនេះ លោកស្រី Zhang Jinfeng អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា «ការយល់ដឹងពីវិទ្យាស្ថានខុងជឺមិនអាចយល់ត្រឹមតែឈ្មោះទេ វិទ្យាស្ថានខុងជឺ មិនត្រឹមតែជាការការផ្សព្វផ្សាយសាមញ្ញមួយ នៃវប្បធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វិទ្យាស្ថានខុងជឺជាបង្អួច, ជាស្ពាន, ជាផ្លូវ។ នេះក៏បង្ហាញពីការទំនាក់ទំនងរវាង «បេះដូងប្រជាជន» នៃទំនាក់ទំនងទាំង៥ នៅក្នុងការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ»។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «យើងគួរតែនិយាយអំពីការទូត វប្បធម៌ សេដ្ឋកិច្ច ការអប់រំរវាងចិន និងកម្ពុជា ព្រមទាំងរបៀបដែល ប្រជាជនកម្ពុជាត្រៀមខ្លួនទទួលយកគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» ក្នុងវិស័យទាំងប៉ុន្មាននេះ មកនិយាយពីតួនាទីរបស់វិទ្យាស្ថានខុងជឺ។
វិទ្យាស្ថានខុងជឺដែលរៀបចំរួមគ្នា ដោយរាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជីជាំង នៃប្រទេសចិន ផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សខាងផ្លាស់ប្តូរវប្បធម៌ ការអប់រំភាសា បកប្រែបោះពុម្ពផ្សាយសៀវភៅជាដើម។
លោកបានបញ្ជាក់ថា «ស្របពេលនេះដែរកម្ពុជា ក៏កំពុងតែបកប្រែនូវសៀវភៅសំខាន់ៗ របស់ប្រទេសចិនមកជាខេមរៈភាសាដូចជា ស៊ីជីងភីង អភិបាលកិច្ចប្រទេសចិនភាគទី១ បច្ចុប្បន្នកំពុងត្រៀមបកប្រែភាគទី២ ដូចគ្នានេះដែរ ពួកយើងក៏បានបកប្រែសៀវភៅពីភាសាខ្មែរជាច្រើន ទៅជាភាសាចិន ដើម្បីជម្រុញនូវការផ្លាស់ប្តូរវប្បធម៌របស់ប្រទេសទាំងពីរ ហើយបច្ចុប្បន្នយើងក៏កំពុងបកប្រែសៀវភៅដូចជា កុលាបក្រហមទន្លេមេគង្គ និងសម្តេចតេជោ ហ៊ុន សែន ប្រសូត្រចេញពីត្រកូលកសិករ»។
លោកបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅក្នុងវេទិកាវិទ្យាសាស្រ្តថា ទំនាក់ទំនងកម្ពុជា-ចិន តាមរយៈ ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ បានធ្វើឲ្យប្រទេសទាំងពីរ ទទួលសមិទ្ធផលកាន់តែច្រើន និងធ្វើឲ្យប្រទេសទាំងពីរទទួលបាននូវការរីកចម្រើនកម្រិតខ្ពស់។ តាមរយៈគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ បានធ្វើឲ្យទំនាក់ទំនងប្រទេស កម្ពុជា-ចិន កំពុងជួបនឹងកាលានុវត្តភាពអភិវឌ្ឍថ្មី។ កម្ពុជា-ចិន រួមគ្នាសហការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្ត និងជាគោលដៅនៃកិច្ចសហប្រតិបត្តិការ កសាងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍន៍ និងជំរុញទំនាក់ទំនងកម្ពុជា-ចិនឲ្យឈានដល់កម្រិតថ្មីមួយទៀត។
លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតបានលើកឡើងថា៖ «សមាគមនិស្សិតកម្ពុជាប្រទេសចិន ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំមួយចំនួនទៀត សមាគមនិស្សិតដើរតួយ៉ាងសំខាន់ ក្នុងទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន ជាក់ស្តែងនិស្សិតកម្ពុជាប្រមាណ ២ពាន់នាក់ កំពុងសិក្សារៀនសូត្រនៅលើកទឹកដីប្រទេសចិន និងនិស្សិតកម្ពុជាមួយចំនួនធំ ដែលបញ្ចប់ការសិក្សាពីប្រទេសចិន ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ និស្សិតកម្ពុជាទាំងអស់នោះ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌-អរិយធម៌ខ្មែរ ទេសចរណ៍ ការអប់រំ ជំនាញៗផ្សេងទៀត ជាពិសេសទំនាក់ទំនងកាទូតរវាងយុវជនកម្ពុជា និងយុវជនចិន រវាងយុវជនកម្ពុជា និងពលរដ្ឋចិន»។
ក្រោយពេលបញ្ចប់វេទិកាវិទ្យាសាស្ត្រនេះ បានប្រារព្ធមហោស្រពវប្បធម៌កម្ពុជាលើកទី៣ នៃសាកលវិទ្យាល័យជីវជាំង និងអបអរសាទរខួប ១០ឆ្នាំ របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ថ្នាក់ដឹកនាំវាគ្មិនកម្ពុជា ក្រុមអ្នកសិល្បៈ លោកគ្រូ អ្នកគ្រូ និស្សិតកម្ពុជា និស្សិតចិន ព្រមទាំងភ្ញៀវកិត្តិយសដ៏ទៃទៀត សរុបប្រមាណ ៣,០០០នាក់ បានជួបជុំគ្នាដើម្បីរំលឹកដល់មិត្តភាព ប្រពៃណីកម្ពុជា-ចិន ដើម្បីចូលរួមចែករំលែកនូវសិមិទ្ធិផល នៃការអភិវឌ្ឍ របស់វិទ្យាស្ថានខុងជឺ ចូលរួមអភិវឌ្ឍន៍កិច្ចទំនាក់ទំនងមនុស្សជាតិ។
កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជាវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «រយៈពេល ១០ឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាចិន បណ្តុះបណ្តាលគ្រូក្នុងប្រទេស ម្យ៉ាងវិញទៀត វិទ្យាស្ថានក៏ជាផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណងទៅសិក្សានៅប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍការបង្រៀនភាសាចិន ជាកន្លែង ស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន ជាទីសម្រាប់ផ្លាស់ប្តូរវប្បធម៌ ព្រមទាំងជាមជ្ឈមណ្ឌលបកប្រែ និងបោះពុម្ពផ្សាយឯកសារអត្ថបទ សៀវភៅពីភាសាខ្មែរទៅភាសាចិន និងពីភាសាចិនមកខេមរៈភាសា»។
សព្វថ្ងៃនេះ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានសាខាជាច្រើននៅក្នុងស្ថាប័នរដ្ឋរួមមាន៖ នៅកងកម្លាំងប្រដាប់អាវុធ អង្គនីតិបញ្ញាត្តិ តាមបណ្តាក្រសួងនានា និងនៅតាមគ្រឹះស្ថានសិក្សាជាច្រើន ដែលមានសិស្សប្រហែល ៣ម៉ឺននាក់ កំពុងសិក្សា និងមានរហូតដល់ទៅ ២៥សាខានៅទូទាំងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់វិទ្យាស្ថាន គឺបន្តរួមចំណែកពង្រឹទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន លើវិស័យអប់រំភាសា និងផ្លាស់ប្តូរវប្បធម៌។
ជាមួយគ្នានេះដែរ លោក ណុប វាសនា ប្រធានសមាគម និង លោក កឿង រស្មី សមាជិកក្រុមប្រឹក្សាភិបាលសមាគមនិស្សិត និងជាប្រធាននិស្សិតកម្ពុជាប្រចាំខេត្តជាំងស៊ី បានលើកឡើងថា៖ «នេះគឺជាព្រឹត្តិការណ៍លើកទី៣នេះ ដែលក្រុមនិស្សិតកម្ពុជានៅសាកលវិទ្យាល័យជីវជាំង បានចូលរួមសម្តែងសិល្បៈ ជាពិសេសសមាគមនិសិ្សតកម្ពុជាប្រចាំប្រទេសចិន ក្រោមជំនួយរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងៗទៀត មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែករៀបចំមហាស្របវប្បធម៌ខ្មែរនេះឡើង ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរលើកឆាកអន្តរជាតិ ក្នុងគោលដៅទាក់ទាញអ្នកទេសចរណ៍ចិន និងអ្នកវិនិយោគចិន មកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»៕