(កណ្តាល)៖ លោក អ៊ំុ សីហា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម តំណាងលោក គង់ វិបុល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៨៥រូប ដែលមាន៨២រូបជាក្រុមប្រឹក្សា ឃុំសង្កាត់ គណបក្សប្រជាជន បន្តជួយបោះឆ្នោតជូនគណបក្សប្រជាជន ដែលបានឈរឈ្មោះជាក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក ប្រកបដោយឆន្ទៈស្មោះស្ម័គ្រ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជន ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក អាចបន្តបម្រើប្រជាជន និងអាចបន្តការអភិវឌ្ឍស្រុកល្វាឯមបន្តទៀត។
លោក អ៊ំុ សីហា បានថ្លែងអំពាវនាវយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសលោកតំណាងឱ្យ លោក គង់ វិបុល អញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ នៅសាលាស្រុកល្វាឯម។
ពិធីនេះក៏មានការចូលរួមពីលោក ភឹម ភីរ៉ា ប្រធានគណៈកម្មាធិការគណបក្សស្រុកល្វាឯម លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងគណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ ប្រមាណជិត ៥០០នាក់ផងដែរ។
លោក អ៊ំុ សីហា បានថ្លែងបន្តថា គណបក្សប្រជាជន បានខិតខំពុះពារគ្រប់ឧបសគ្គ ធ្វើយ៉ាងណាដើម្បីស្វែករកសន្តិភាព ជូនប្រជាជនទូទាំងប្រទេស ដោយសារតែសន្តិភាពនេះ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាតិមានការរីកចំរើន ប្រជាជនបានរស់នៅយ៉ាងស្ងប់ស្ងាត់ អាចធ្វើដំណើរបានគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាច អាចធ្វើអាជីវកម្មបាន និងមានអ្នកវិនិយោគទុនមកដាក់ទុនវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារជូនប្រជាជន បានច្រើនផងដែរ ប៉ុន្តែបើប្រទេសមិនមានសន្តិភាពទេ មិនមានអ្នកណាហ៊ានមកដាក់ទុន ដើម្បីធ្វើការវិនិយោគនោះទេ។
លោកបានបញ្ជាក់ទៀតថា ជាមួយនឹងសន្តិភាពនេះ គណបក្សប្រជាជនក៏បានធ្វើឱ្យប្រទេសកម្ពុជា បានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ហើយបើគិតមកដល់ឆ្នាំ២០១៩នេះ ភាពក្រីក្រនៅកម្ពុជា គឺស្ថិតនៅក្នុងរង្វង់ត្រឹមតែ ១០ភាគរយតែប៉ុណ្ណោះ។ ជាមួយសន្តិភាពនេះ ក៏បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា បានកើនឡើងក្នុងរង្វង់៧ភាគរយរាល់ឆ្នាំ ខណៈដែលនៅលើពិភពលោក ប្រទេសដែលមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយនេះ មានមិនច្រើននោះទេ។
លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្រុកល្វាឯម រយៈពេល៣ឆ្នាំកន្លងមកនេះ បានកសាងផ្លូវជាង៧០គីឡូម៉ែត្រ មានសាងសង់សាលារៀន១២ខ្នង (៨០បន្ទប់) មានសាង់សង់ស្ពាន៦កន្លែង និងកំពុងសាងសង់៤កន្លែងបន្ថែមទៀត មានសាង់សង់រួចរាល់សាលាឃុំ៤ និង៤ទៀតកំពុងសាងសង់ បានសាងសង់ប៉ុស្តិ៍នគរបាន២កន្លែង ហើយទាំងនេះគឺមិនទាន់គ្រប់គ្រាន់នោះទេ គណបក្សប្រជាជន និងបន្តកសាង និងអភិវឌ្ឍន៍ឱ្យបានកាន់តែច្រើនទៀតផងដែរ។
ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម ក៏សំណូមព័រឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងទាំង៣ប្រភេទ និងប្រជាការងារ សូមចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសថែរក្សាមណ្ឌលបោះឆ្នោត ដោយធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពក្នុងពេលបោះឆ្នោត និងរក្សាសន្តិសុខជូនបេក្ខជនដែលឈរឈ្មោះ និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដើម្បីឱ្យអស់លោក អាចទៅបោះឆ្នោតបានទាំងអស់គ្នាផងដែរ៕