(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក ចន ជីរៃ (Mr. John G. Rice) អគ្គនាយកក្រុមហ៊ុន General Electric Gas Power និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតលើ ដំណោះស្រាយចំពោះកង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់អនាគត ការគាំទ្រក្នុងវិស័យសុខាភិបាល, ការគាំទ្រការកសាងសមត្ថភាពរបស់មន្ត្រី និងការធ្វើឱ្យប្រសើរឡើងនៃសមត្ថភាពផលិតថាមពល អគ្គិសនីនៅកម្ពុជា ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចន ជីរៃ និងក្រុមការងារដែលបានជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ថា ថាមពលអគ្គិសនី មានតួនាទីសំខាន់ក្នុងដំណើរការសេដ្ឋកិច្ច តាមរយៈការធានាបាន និងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួត ប្រជែងពាណិជ្ជកម្ម ។
លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយក្រុមការងាររបស់លោក ចន ជីរៃ គឺមានសារៈសំខាន់ ស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាអន្តរក្រសួង ជាមួយក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាកង្វះខាតថាមពលអគ្គិសនីកម្ពុជា នាពេលបច្ចុប្បន្ន និងសម្រាប់អនាគត ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យលោក ចន ជីរៃ បន្តផ្តល់ការគាំទ្រទៅលើកិច្ចការសំខាន់ផ្សេងៗទៀតរួមមាន៖ ១.បន្តគាំទ្រវិស័យសុខាភិបាល និងសុខុមាលភាព របស់ប្រជាជន, ២.ដោះស្រាយបញ្ហាប្រឈមនៃការផ្គត់ផ្គង់អគ្គិសនី និង ៣. ជួយគាំទ្រកសាងសមត្ថភាព និងសិក្សាការបន្ទាបថ្លៃអគ្គិសនី នៅកម្ពុជាបន្ថែមទៀត ។
លោក ចន ជីរៃ បានបញ្ជាក់ថា លោកពិតជាមានក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក យល់ស្រប និងទទួលយកទៅពិចារណាចំពោះសំណើ របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ហើយក្រុមការងាររបស់លោក នឹងប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យសិក្សាទៅលើការងារ និងសំណើរទាំងនេះ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ GE ដែលបានរួមចំំណែកពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន, ធានាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជវីភាព និងបរិយាប័ន្ន និងបានជូនពរឱ្យក្រុមការងារ GE សហការជាមួយក្រុមការងារអន្តរក្រសួង ប្រកបដោយជោគជ័យដូចការគ្រោងទុក ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន General Electric មានវត្តមាននៅកម្ពុជា ក្នុងឆ្នាំ២០០៩ ដោយ បានកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជន និងសាធារណៈ ដោយអាជីវកម្មដែលមានភាពសកម្ម គឺវិស័យថាមពល អគ្គិសនី, ដំណោះស្រាយបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី និងថាមពលអគ្គិសនីសម្រាប់វិស័យសុខាភិបាល។
ក្រុមហ៊ុនមានទីស្នាក់ការនៅក្នុងរដ្ឋ Boston, សហរដ្ឋអាមេរិក និងនៅក្នុងប្រទេសចំនួន ១៧៥ ។ ដោយផ្តោតលើ ដំណោះស្រាយផ្នែកថាមពល, ក្រុមហ៊ុនមានបទពិសោធន៍ច្រើនលើថាមពលអគ្គិសនី រួមមាន៖ ថាមពលធ្យូងថ្ម, ថាមពល វារីអគ្គិសនី និងថាមពលកកើតឡើងវិញ (Renewable Energy) ដូចជា ថាមពលពន្លឺព្រះអាទិត្យ, ខ្យល់, ថាមពលជីវចំរុះ និងថាមពលនុយក្លេអ៊ែរ៕