(កំពង់ធំ)៖ ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ដែលប្រព្រឹត្តទៅចាប់ថ្ងៃ១៧-២៤ ខែឧសភា ឆ្នាំ២០១៩ តាមនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពតំណាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងនោះរួមមាន៖ លោក ទិត ចន្ថា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតាំងគោក អញ្ជើញប្រកាសបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាស្រុកតាំងគោក និងលោក ជា បូរ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ អញ្ជើញប្រកាសបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាស្រុកបារាយណ៍។
ចំពោះអង្គបោះឆ្នោតនៅស្រុកបារាយណ៍មានចំនួន ៨២នាក់ មកពី១០ឃុំ ចំណែកស្រុកតាំងគោកវិញ មានអង្គបោះឆ្នោតចំនួន ៥៨នាក់ មកពី៨ឃុំ។
ក្នុងពិធីទាំងពីរស្រុកនោះដែរ ក៏មានការបោះឆ្នោតជាឧទាហរណ៍ផងដែរ ដើម្បីឱ្យអង្គបោះឆ្នោតអនុវត្តឱ្យបានត្រឹមត្រូវនៅពេលការបោះឆ្នោតផ្លូវការឈានចូលមកដល់។
នៅក្នុងសន្ទរកថារបស់ថ្នាក់ដឹកនាំទាំងពីរ បានឱ្យដឹងថា ក្រុមអគតិនៅតែបន្តធ្វើការផ្សព្វផ្សាយបំភ្លៃព័ត៌មានពីបញ្ហានៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។
ត្រង់ចំណុចនេះ លោក ទិត ចន្ថា និងលោក ជា បូរ៉ា បានស្នើដល់ក្រុមឃោសនិក និងអាជ្ញាធរពាក់ព័ន្ធធ្វើការពន្យល់បកស្រាយ និងបំភ្លឺដល់ប្រជាជនកុំឱ្យមានការភិតភ័យនូវរាល់ការឃោសនាបោកប្រាស់ និងបំភិតបំភ័យរបស់បក្សប្រឆាំងលើការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។
ពីព្រោះបើទោះបីដកយក EBA ទៅវិញ ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្តលូតលាស់ដដែល ដោយកម្ពុជាមានប្រាក់ចំណូលផ្សេងៗពីការវិនិយោគនានា ហើយពន្ធគយក៏មានការកើនឡើង ដែលអាចឱ្យកម្ពុជាមានលទ្ធភាពបើកប្រាក់ខែជូនមន្ត្រីរាជការបានដោយពុំមានបញ្ហា។
រាល់ឧបាយកល និងល្បិចកលដ៏ស្មោកគ្រោករបស់ក្រុមអគតិ ត្រូវបានប្រជាជនស្គាល់យ៉ាងច្បាស់ ហើយប្រជាពលរដ្ឋបានប្ដេជ្ញាចិត្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ និងគ្រប់កាលៈទេសៈ ពិសេសនឹងនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកបារាយណ៍ខាងលើនេះ លោក ទិត ចន្ថា និងលោក ជា បូរ៉ា ក៏បានផ្តាំផ្ញើនូវការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១៖ ក្រុមឃោសនិកស្រុកត្រូវរួមគ្នាចុះជួបអង្គបោះឆ្នោតតាមបណ្តាឃុំ តាមប្រតិទិនដែលបានរៀបចំក្នុងរយៈពេល៨ថ្ងៃ នៃយុទ្ធនាការ។
២៖ តាមវត្តអារាម តាមមណ្ឌលឧក្រិដ្ឋកម្ម ត្រូវមានការរៀបចំពិធីបង្សុកូល អានវិយោគកថាក្នុងទិវាជាតិនៃការចងចាំឱ្យបានសមរម្យ ធានាទាំងរូបភាព និងខ្លឹមសារ។
៣៖ អង្គបោះឆ្នោតគ្រប់រូប គ្រប់ឃុំ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ គ្រប់ទីកន្លែង និងមិនគួរធ្វើដំណើរឆ្ងាយឡើយ។
៤៖ អង្គបោះឆ្នោតត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ និងប្រមូលផ្តុំនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដើម្បីត្រៀមដឹកជញ្ជូនទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៣ រសៀល។ ត្រូវត្រួតពិនិត្យឯកសារ (អត្តសញ្ញាណបណ្ណ) សម្រាប់ទៅបោះឆ្នោត។
៥៖ ក្រុមការងារគ្រប់ថ្នាក់ គណបក្សគ្រប់ឃុំ ត្រូវតាមដានសកម្មភាព និងការឃោសនាចិត្តសាស្ត្ររបស់ក្រុមប្រឆាំង និងមានវិធានការវាយបកឱ្យទាន់ពេលវេលា។
សូមជម្រាបថា ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ដែលមានរយៈពេល៨ថ្ងៃ គឺគិតចាប់ពីថ្ងៃ១៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ តាមប្រតិទិនកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕