(ព្រះសីហនុ)៖ អាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ បានជួបប្រជុំគ្នាជាបន្ទាន់ និងប្រកាសអាសន្នពីបញ្ហាកកស្ទះចរាចរណ៍ ស្ទើរជារៀងរាល់ថ្ងៃ នាទីប្រជុំជន ក្នុងក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន។
តាមរបាយការណ៍ស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីថ្នាក់ក្រសួងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បង្ហាញថា ការកកស្ទះ មានចាប់ពីគីឡូម៉ែត្រលេខ២១៧-២២៣ ឬស្មើ ៦គីឡូម៉ែត្រ នៅតាមផ្លូវជាតិលេខ៤ ក្រុងព្រះសីហនុ។
ផ្តើមចេញពីបញ្ហានេះ មន្ត្រីមន្ទីរសាធារណការខេត្តព្រះសីហនុ បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងសាធារណការ ជួយដោះស្រាយ បញ្ហាចរាចរណ៍កកស្ទះ នៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ ១ ដោយស្នើសុំឲ្យជួយផ្តល់ខឿន របាំងពុះទ្រូងផ្លូវ សម្រាប់ដាក់ជារបាំង ក្នុងចម្ងាយផ្លូវ ៦គីឡូម៉ែត្រ ដែលតែងកកស្ទះ ជារៀងរាល់ថ្ងៃ នៅតាមផ្លូវជាតិលេខ៤។
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានលេីកឡេីងថា ចំណុចកកស្ទះខាងលើនេះ ប្រសិនបើមិនអាចដោះស្រាយឲ្យជាបន្ទាន់ទេ ចាប់ពីពេលនេះតទៅថ្ងៃខាងមុខ ចរាចរណ៍នឹងកកស្ទះរាល់ថ្ងៃ។ ការកកស្ទះនេះ គឺបានកើតឡើងខ្លាំងនៅពេលល្ងាច ជាពិសេសជាប់គាំងខ្លាំង នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
មន្ត្រីមន្ទីរសាធារណការខេត្តព្រះសីហនុ បន្តថា ចរាចរណ៍ដែលកកស្ទះរាល់ថ្ងៃ តាមផ្លូវជាតិលេខ៤ ធ្វើឲ្យស្ទះដល់ការដឹកទំនិញចេញ ចូលកំពង់ផែខេត្តព្រះសីហនុ, ខាតបង់បង់ពេលវេលាអ្នកធ្វើដំណើរគ្រប់ប្រភេទ។ ក្នុងនោះសម្រាប់យានយន្តដឹកអ្នកដំណើរទៅព្រលានយន្តហោះ ក៏ត្រូវប៉ះពាល់ និងជាពិសេសបានប៉ះពាល់ផ្ទាល់ដល់ប្រជាពលរដ្ឋ មានលំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៤តែម្តង។
របាយការណ៍មន្ទីរសាធារណការខេត្តព្រះសីហនុ បានលេីកឡេីងថា ចរាចរណ៍កកស្ទះតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុរាល់ថ្ងៃនេះ បណ្តាលមកពីអ្នកបើកបរយានយន្តមួយចំនួន មិនគោរពច្បាប់ ឬមិនស្តាប់តាមការណែនាំ របស់កម្លាំងនគរបាលចរាចរណ៍ ដែលបានចុះជួយសម្រួលចរាចរណ៍នោះទេ។ ក្នុងនោះ អ្នកបើកបរភាគច្រើន បានបញ្ជាយានយន្ត របស់ពួកគេ បើកវ៉ាជែងគ្នា មិនប្រកាន់គន្លងផ្លូវជាដើម។
ចំណុចដែលតែងកកស្ទះចរាចរណ៍រាល់ថ្ងៃ នាទីប្រជុំជនក្រុងព្រះសីហនុ គឺ ក្រៅពីផ្លូវជាលេខ៤ នៅមុខផ្សារឃ្លាំងលើ ក៏មានការកកស្ទះនៅផ្លូវឯករាជ្យ, ផ្លូវអឹលវី, ផ្លូវមុខផ្សារលើ, ផ្លូវមហោស្រពចាស់, ផ្លូវជាប់ផ្សារពាណិជ្ជកម្ម, ផ្លូវចាប់ពីអូរ១ ដល់អូរ៣ ក៏ត្រូវកកស្ទះចរាចរណ៍រាល់ថ្ងៃដែរ។ ហើយថា ការកកស្ទះនេះ ក៏បានកើតមាននៅតាមបណ្តាយផ្លូវជាច្រើនខ្សែទៀត ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ទាំងផ្លូវតូច និងផ្លូវធំ គឺកកស្ទះដូចគ្នា៕