(ភ្នំពេញ)៖ តាមរយៈការជ្រើសរើសកម្ពុជាជាប្រទេសកិត្តិយស ក្នុងពិធីបើកពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី (ASIAN Culture and Tourism Exhibition) ពីសំណាក់មិត្តចិន កាន់តែធ្វើឱ្យក្រុមហ៊ុនទិញ-លក់កញ្ចប់ទស្សនកិច្ចទេសចរណ៍អន្តរជាតិរាប់ពាន់ក្រុមហ៊ុន ស្គាល់កម្ពុជាកាន់តែទូលំទូលាយ ពិសេសលើវិស័យទេសចរណ៍ និងវប្បធម៌។
ពិធីបើកពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ីនៅប្រទេសចិននេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌អាស៊ី ឬ Asia Culture and Civilization Exchanges» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែឧសភា។
ពិធីបើកពិព័រណ៌ជាផ្លូវការ ត្រូវបានប្រារព្ធឡើងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំវិស័យទេសចរណ៍ និងវប្បធម៌នានាក្នុងតំបន់អាស៊ី។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏ត្រូវបានផ្តល់កិត្តិយសឲ្យថ្លែងសុន្ទរកថាបើកពិព័រណ៍ជាផ្លូវការ អមជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការចូលរួមក្នុងពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី នាពេលនេះ គឺដើម្បីអបអរសាទរការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ស្របតាមផែនការសកម្មភាព ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិន (Action Plan on Building China-Cambodia Community of Shared Future)។
សម្រាប់ស្តង់កម្ពុជា ក្រសួងទេសចរណ៍បានរៀបចំជាពន្លាទេសចរណ៍ ដោយមានការតុបតែងបង្ហាញពីវប្បធម៌ អរិយធម៌ និងសក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗ សម្រាប់បង្ហាញជូនភ្ញៀវដែលចូលរួម ព្រមជាមួយការចូលរួមតាំងបង្ហាញរបស់ក្រុមហ៊ុនទេសចរណ៍កក្នុងស្រុកចំនួន ៥ក្រុមហ៊ុន និងស្ថានតំណាងទេសចរណ៍ចំនូន១។
ទន្ទឹមនឹងនោះ ក៏មានរៀបចំការសម្តែងសិល្បៈប្រពៃណីជូនភៀវទស្សនា ការផ្តល់ព័ត៌មាន និងការធ្វើបទបង្ហាញស្តីពី វិស័យទេសចរណ៍កម្ពុជា ជាពិសេសឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា និងការចែកជូននូវឧបករណ៍ផ្សព្វផ្សាយទេសចរណ៍នានាជូនភ្ញៀវដែលចូលរួមផងដែរ។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកលក់ក្នុងស្រុក (Domestic Buyers) ចំនួនជាង ១០០០ក្រុមហ៊ុន និងអ្នកលក់អន្តរជាតិ (International Buyers) ប្រមាណ២០០ក្រុមហ៊ុន មកពីជាង៣០ប្រទេស និងអ្នកទិញចំនួនប្រមាណ ៥៧៥ក្រុមហ៊ុន និងមានភ្ញៀវចូលរួមទស្សនារាប់សិបម៉ឺននាក់ផ្សេងទៀត។
សូមជម្រាបថា ពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ីខាងលើនេះ ត្រូវបានឡើងយ៉ាងអធិកអធមនាឱកាសរៀបចំវេទិកាស្តីពី អរិយធម៌អាស៊ី (Conference on Dialogue of Asian Civilizations) ដែលជាព្រឹត្តិការណ៍លើកដំបូងដ៏ធំ៕