(ត្បូងឃ្មុំ)៖ នៅថ្ងៃ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ឆ្នាំ២០១៩នៅខេត្តត្បូងឃ្មុំ។
សម្តេចពញាចនក្រី ហេង សំរិន បានកោតសរសើ និងវាយតំលៃខ្ពស់ចំពោះគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ផ្នែក កងកំលាំងប្រដាប់អាវុធទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលបានចូលរួមបន្តថែរក្សាបាននូវសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយរឹងមាំ សណ្តាប់ធ្នាប់សង្គមល្អ និងបានចូលរួមធ្វើការងារមនុស្សធម៌ជួយប្រជាពលរដ្ឋ ដែលទទួលរងគ្រោះធម្មជាតិ នានា សំដៅលើកកម្ពស់វឌ្ឍនភាពសង្គម និងវិបុលភាពយូរអង្វែង ពិសេសទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការប៉ុនប៉ងគ្រប់រូបភាពធ្វើបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា។
សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ឆ្នាំ២០១៨ កន្លងទៅនេះ ជាឆ្នាំចុងក្រោយ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ និងជាឆ្នាំចាប់ផ្តើម នៃរាជរដ្ឋាភិបាលអាណត្តិទី៦ បច្ចុប្បន្ននេះផងដែរ។ នៅក្នុងអំឡុងពេលនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានភាពល្អប្រសើរជាងពេលណាៗ ដែលផ្តល់អំណោយផលកាន់តែច្រើន ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។
សម្តេចចក្រី ហេង សំរិន បានលើកឡើងទៀតថាឆ្នាំ ២០១៨កន្លងមកនេះ យើងទទួលបាននូវកំណើនសេដ្ឋកិច្ច ៧,៥% ដែលគាំទ្រដោយការរីកចម្រើនលើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ កំណើនលើវិស័យសំណង់ កំណើនទេសចរណ៍ និងកសិកម្ម ហើយអត្រានៃភាពក្រីក្រ ស្ថិតនៅក្រោម ១០% ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អ ប្រសើរឡើងជាលំដាប់។
ជាមួយគ្នានេះ សម្តេច ហេង សំរិន បានសំណូមពរដល់ឲ្យបន្តកសាងពង្រឹងបក្ស ឲ្យបានរឹងមាំដោយផ្សារភ្ជាប់ជាមួយប្រជាជនលើក កម្ពស់ផលប្រយោជន៍ប្រជាជន និងបន្តពង្រឹងការឯកភាពផ្ទៃក្នុង កំណែទម្រង់ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងបន្តដំណើររួមគ្នាឆ្ពោះទៅដណ្តើមជ័យជម្នះជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនជូនប្រទេសជាតិ និងសុខដុមរមនា ជូនប្រជាជនយើង៕