(អាល្លឺម៉ង់)៖ វិស័យគាំពារសង្គម អភិវឌ្ឍន៍ជនបទ និងវិមជ្ឈការ នៅតែជាសកម្មភាពស្នូល សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍ។ នេះតាមសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលនៃកិច្ចចរចារបស់កម្ពុជា-អាល្លឺម៉ង់ នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ។
ប្រទេសអាល្លឺម៉ង់នឹងផ្តល់ឥណទាន (កម្ចី) សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្តល់ជំនួយឥតសំណង សម្រាប់វិស័យអាហាររូបត្ថម្ភ និងប្រព័ន្ធគណនេយ្យភាពសង្គម ហើយនឹងពង្រីកកិច្ចខំប្រឹងប្រែង ក្នុងការកសាងសមត្ថភាពរបស់មណ្ឌលសុខភាពសាធារណៈ និងវិស័យអភិវឌ្ឍន៍ជនបទ។ ទាំងអស់នេះ គឺជាលទ្ធផលដែលទទួលបានក្នុងកិច្ចចរចាទ្វេភាគីរវាងរដ្ឋាភិបាលអាល្លឺម៉ង់ និងរាជរដ្ឋាភិបាលកម្ពុជា នៅរដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
កិច្ចចរចាបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក Norbert Barthle សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍រួមជាមួយនិង លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក)។
លោក Norbert Barthle បានថ្លែងថា៖ «មិត្តភាពកម្ពុជា និងអាល្លឺម៉ង់នៅតែឈររឹងមាំ។ ការលុបបំបាត់ភាពក្រីក្រ និងការកើនឡើងនៃវិបុលសុខសម្រាប់ទាំងអស់គ្នា គឺជាគោលដៅរួមរបស់ពួកយើង»។
ឥណទាន (កម្ចី) ថ្មីសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគម្រោងរួមគ្នារវាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប។ ចំនួនទឹកប្រាក់សរុបសម្រាប់គម្រោងនេះ នឹងមានទំហំលើសពី៨០លានអឺរ៉ូឡើងទៅ (ក្នុងគម្រោងពហុភាគីនេះ អាល្លឺម៉ង់នឹងចូលរួមឥណទានចំនួន៣០លានអឺរ៉ូ)។ កិច្ចប្រឹងប្រែងរួមគ្នាដ៏ពិតប្រាកដរបស់ប្រទេសអឺរ៉ុបនេះ នឹងជួយបង្កើតឲ្យមានការប្រែប្រួលជាវិជ្ជមានដល់ជីវភាព និងការរស់នៅរបស់ប្រជាជនតាមទីជនបទ៕