(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលមានសមាជិក សមាជិកាចូលរួមជាង៥,០០០នាក់។
ក្នុងឱកាសនេះ លោក កែ គឹមយ៉ាន បានមានមតិនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស។
លោក កែ គឹមយ៉ាន បានថ្លែងដោយការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកា ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿ គាំទ្រ ឆន្ទៈ និងសកម្មភាពដ៏ឧត្តុងឧត្តមដែលជាប្រភពកម្លាំងធ្វើឲ្យបក្សប្រជាជន ដែលមានអាយុកាល៦៨ឆ្នាំ មានលទ្ធភាពគ្រប់គ្រាន់ដឹកនាំ បម្រើជាតិ និងប្រជាពលរដ្ឋ ដោយជោគជ័យគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា។
តំណាងរាស្ដ្ររូបនេះ បានថ្លែងបន្តថា ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ គឺជាការបោះឆ្នោតអសកល ហើយមានអត្ថន័យសំខាន់ ដូចការបោះឆ្នោតមុនៗដើម្បីសម្រេចជោគវាសនាជាតិ ការការពារ និងកសាងប្រទេសអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន។
លោក កែ គឹមយ៉ាន បានអំពាវនាវអង្គបោះឆ្នោតទាំង៥១៥ នៃក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខដំណែងទូទាំងខេត្តបន្ទាយមានជ័យ សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ ដើម្បីធានាបាននូវសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចិរភាព លើកកម្ពស់កម្រឹតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌៕