(ភ្នំពេញ)៖ ប្រតិភូយោធាកូរ៉េខាងត្បូង និងយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង បានអញ្ជើញមកជួបពិភាក្សាការងារជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ក្នុងបំណងចង់សិក្សាបន្ថែមពីជំនាញដោះមីន ដើម្បីយកទៅអនុវត្តន៍ការងារដោះមីន នៅតាមព្រំដែនជាមួយកូរ៉េខាងជើង។
បើតាមលោក ហេង រតនា គោលដៅសំខាន់នៃការពិភាក្សា គឺអំពីសកម្មភាពកំចាត់មីននៅប្រទេសកូរ៉េ នៅកន្លែងព្រំដែនកូរ៉េខាងត្បូង-ខាងជើង។ ភាគីកូរ៉េថា យល់ស្របមួយចំនួនធំហើយ និងសុំមកសិក្សាបន្ថែមទៀតលើការងារគ្រប់គ្រងប្រពន្ធ័ពត៌មាន (information management for landmine clearance), បច្ចេកទេសប្រតិបតិ្តការ និងការធ្វើសហមារកម្មជំនាញឧបករណ៍បោសសំអាតមីនជាដើម។
លោកបញ្ជាក់ថា សភាពការណ៍ដាក់ស្តែងនៅកូរ៉េ ជាប្រទេសជឿនលឿនដោយគ្មានអង្គការក្រៅរដ្ឋាភិបាល ឬក្រុមហ៊ុនណាធ្វើការដោះមីនបានទេ មានតែយោធាជាកងវិស្វកម្មកូរ៉េជាអ្នកធ្វើផ្ទាល់ រីឯការងារនយោបាយ យុទ្ធសាស្ត្រ មានតែក្រសួងការពារជាតិកូរ៉េជាអ្នកដឹកនាំ។
លោក ហេង រតនា បានលើកឡើងផងដែរថា ចំពោះស្ថានភាពនៅកម្ពុជាជាសង្គ្រាមស៊ីវិលយូរអង្វែង និងនៅក្រីក្រហើយវិស័យមីននៅកម្ពុជាជាង២៥ឆ្នាំមុន វាខុសពីស្ថានភាពសព្វថ្ងៃនេះដែរ។ ស្ថានភាពវិស័យមីន បានវិវត្តន៍ផ្លាស់ប្តូរដែលសកម្មភាពនេះ មិនមែនគ្រាន់តែជាការងារមនុស្សធម៌ និងសុវត្ថិភាពមនុស្សមួយមុខប៉ុណ្ណោះទេ តែវាជាបញ្ហាសន្តិសុខសង្គមជាតិ និងគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
សូមជម្រាបថា មានប្រទេសចំនួនដែលជួយបញ្ហាសង្គ្រាម បានក៏សិក្សាជំនាញដោះមីនពីកម្ពុជា តាមរយៈអង្គភាពស៊ីម៉ាក់ ដែលរួមមានប្រទេសអ៊ីរ៉ាក់ កូឡុំប៊ី អង់ហ្គូឡា នេប៉ាល់ ឡាវ និង អ៊ីស្រាអ៊ែល៕