(ត្បូងឃ្មុំ)៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍបានជំរុញឱ្យប្រជាជនទូទៅ ទទួលបាននូវសិទ្ធិសិរីភាពគ្រប់ជាតិសាសន៍ ការគោរព ប្រណិប័តន៍ជំនឿ សាសនា ប្រកបដោយភាពសុខក្សេនក្សាន្ត និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយការប្រកបមុខរបបកាន់តែល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់។ នេះគឺជាការលើកឡើងរបស់ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានថ្លែងនៅចំពោះមុខបងប្អូនខ្មែរឥស្លាមរាប់រយនាក់ ក្នុងកម្មវិធីប្រារព្ធប្រណិប័តន៍កាន់អំណត់បួសរ៉ម៉ាឌនរបស់សាសនិកឥស្លាម ស្ថិតនៅវិហារឥស្លាមភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នានៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩ ។
លោក កែវ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តន៍យ៉ាងត្រឹមត្រូវ លើគោលនយោបាយគាំពាសង្គម ការធានាបាននូវការគោរពជំនឿ សាសនា និងជំរុញលើកកម្ពស់កាន់តែទូលំទូលាយថែមទៀត។
លោក បានបន្តថា ឈរលើការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាត្រូវបានស្ងើចសសើរពីប្រទេសក្នុងតំបន់អំពីគម្រូល្អ ក្នុងអនុវត្តន៍គោលនយោបាយសុខុដុមសាសន៍ ពិសេសសាសន៍ណា ក៏អាចប្រណិបត្តិជំនឿ សាសនារបស់ខ្លួនបានយ៉ាងទូលំទូលាយ និងចូលរួមយ៉ាងសកម្មក្នុងអភិវឌ្ឍន៍ប្រទេសជាតិ។ កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសឱ្យគ្រប់មន្ទីពេទ្យ ត្រូវរៀបចំកន្លែងថ្វាយបង្គំដល់សាសនិកឥស្លាម ដែលមកពិនិត្យ និងព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ ហើយក៏បានអនុវត្តដូចគ្នានៅតាមព្រលានយន្តហោះ សណ្ឋាគារ និងស្ថាប័នរដ្ឋផងដែរ។
ក្នុងឱកាសនេះដែរ លោក កែវ ពិសិដ្ឋ បានប្រគល់ថវិកាសរុបចំនួន ៤,៩០០,០០០រៀល់ រួមជាមួយនឹងគ្រឿងឧបភោគបរិភោគសម្រាប់ជាអាហារស្រាយដល់វិហារនិងស៊ូរ៉ាវទូទាំងឃុំពពេលចំនួន ១០ វិហារ/ស៊ូរ៉ាវ រួមមានអង្កចំនួន ១៤បេ, ទឹកក្រូចចំនួន ៤៣កេះ, មីចំនួន ២៥កេះ, ថ្នាំពេទ្យមួយចំនួន, អាវសម្រាប់ស្ត្រីថ្វាយបង្គំចំនួន ២០០សម្រាប់, កាតឹបសម្រាប់បុរសចំនួន ២០០, ក្រមាទទូរសម្រាប់សិស្សស្រីចំនួន ៤០០ក្រមាជាដើម៕