(ភ្នំពេញ)៖ លោកបណ្ឌិត ស្ទីវ ហាយ (Steve Hyde) ដែលជាជនជាតិបរទេស មានគ្រួសារជាជនជាតិខ្មែរ បានចេញវីដេអូស្នើដល់ប្រជាពលរដ្ឋគ្រប់រូប ដែលទៅលេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបញ្ឈប់សកម្មភាពបោះចោលសំរាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់។
ក្នុងវីដេអូជាង៤នាទី លោកបណ្ឌិត ស្ទីវ ហាយ បានលើកឡើងថា នៅពហុកីឡដ្ឋានជាតិ មានធុងសំរាមយ៉ាងច្រើន ពោលធុងសំរាមត្រូវបានតម្រៀប២០ម៉ែត្រពីគ្នា ប៉ុន្តែប្រជាពលរដ្ឋខ្លះតែងតែបោះចោលដបទឹកសុទ្ធយ៉ាងអនាធិបតេយ្យ។ លោកក៏បានដាក់សំណួរថា ហេតុអ្វីបានជាប្រជាពលរដ្ឋមួយចំនួន មិនយកសំរាមទៅចោល ក្នុងធុងសំរាមដូច្នេះទៅវិញ?
គ្រូបង្រៀនរូបនេះ (Tutor Teacher) បានឲ្យយោបល់ចំនួន២ថា៖ ១៖បើមានសំរាមខ្លួនឯង ត្រូវកាន់ទុកសិនរហូតដល់កន្លែងមានធុងសំរាម ចាំចោលនៅកន្លែងត្រឹមត្រូវនោះ និងទី២៖ បើឃើញសំរាមអ្វីដែលអាចរើសបាន ត្រូវរើសយកទៅដាក់ក្នុងធុងសំរាមផងដែរ។
លោកបណ្ឌិត ស្ទីវ ហាយ បានថ្លែងសារបញ្ជាក់ថា «ភាពស្អាតមិនមែនសម្រាប់តែយើងទេ តែធ្វើឲ្យស្អាតសម្រាប់ទាំងអស់គ្នា»៕