(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SECC) បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មការមូលបត្រកម្ពុជាជាសេនាធិការនោះ បាននិងកំពុងរៀបចំបទបញ្ញត្តិ ដើម្បីអាចឈានទៅរកការដាក់ឲ្យជួញដូរទ្រព្យឌីជីថល ប្រភេទ Bitcoin ជាលើកដំបូង ខណៈដែលមានប្រទេសមួយចំនួននៅលើពិភពលោក បានដំណើរការរួចហើយនោះ។
ស្របពេលដែលកំពុងរៀបចំបទបញ្ញត្តិសម្រាប់គ្រប់គ្រងការជួញដូររទ្រព្យឌីជីថលនេះ លោក ស៊ូ សុជាតិ ក៏បានអំពាវនាវឲ្យសាធារណជនទាំងអស់ កុំយកការទ្រព្យឌីជីថល ទៅធ្វើជាមធ្យោបាយទូទាត់អី ព្រោះនាំឲ្យខាតបង់ដោយប្រការណាមួយ។
ការលើកឡើងបែបនេះ របស់អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ។
ចំពោះសំណួរថា តើនឹងដាក់ឲ្យមានការជួយដូរទ្រព្យឌីជីថលនេះនៅពេលណានោះ? លោក ស៊ូ សុជាតិ មិនអាចបញ្ជាក់ពីពេលវេលានោះឡើយ ដោយលោកបញ្ជាក់ថា គណៈកម្មការមូលបត្រកម្ពុជា កំពុងរៀបចំតាក់តែងច្បាប់ បញ្ញត្តិប៉ុណ្ណោះ ការសម្រេចនៅពេលណានោះគឺស្ថិតនៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោក ស៊ូ សុជាតិ ថា គណៈកម្មការមូលបត្រកម្ពុជា គឺស្ថិតក្នុងកម្រិតថ្នាក់បច្ចេកទេស ក្នុងការទទួលបាននូវការអនុញ្ញាតមួយ ដោយគ្រាន់តែបន្ដការងារលើការរៀបចំ តាមរយៈការប្រមូលធាតុពីសាធារណជន និងពីស្ថាប័នពាក់ព័ន្ធទាំងអស់ មុននឹងពិនិត្យសម្រេចថាតើយើងចាប់យកឱកាសថ្មីនេះ ឬក៏យើងរង់ចាំបន្ដិចទៀត? លោកថា ការចាប់យក ឬក៏រង់ចាំបន្ដិចទៀត វាអាស្រ័យទៅលើការសម្រេចរបស់ថ្នាក់ដឹកនាំ ប៉ុន្ដែអ្វីដែលជាតួនាទីរបស់ គណៈកម្មការមូលបត្រកម្ពុជា គឺគ្រាន់តែជម្រាបជូន អំពីទំនោសកលមួយ ដែលប្រទេសមួយចំនួន បានចាប់ផ្ដើមទៅជាបណ្ដើរៗ។
ជាមួយនឹងវិស័យថ្មីនេះ លោក ស៊ូ សុជាតិ អះអាងថា គណៈកម្មការមូលបត្រកម្ពុជា កំពុងធ្វើការយ៉ាងប្រយ័ត្នប្រយែងបំផុត ដើម្បីធ្វើយ៉ាងណានៅពេលដាក់ឲ្យដំណើរការជួញដូរប្រកបដោយសុវត្ថិភាព ផ្តល់ឲ្យសាធារណជនមានជំនឿចិត្ត។
លោកបញ្ជាក់ថា «អាជ្ញាធរត្រូវតែច្បាស់សិន អ្នកបច្ចេកទេសត្រូវតែច្បាស់សិន មុននឹងដាក់ឲ្យដំណើរការលើវិស័យថ្មីមួយ ប្រព័ន្ធថ្មីមួយដែលជ្រកក្រោមការគ្រប់គ្រង របស់គណៈកម្មការមូលបត្រកម្ពុជា អីចឹងយើងត្រូវសិក្សាសិន មុននឹងយើងផ្ដល់ ឬក៏ដាក់ឲ្យសាធារណជនធ្វើការជួញដូរ»។
លោក ស៊ូ សុជាតិ បានបន្ថែមទៀតថា មកទល់ក្នុងពេលនេះគ្រាន់តែសេចក្ដីព្រាងទេ ដែលគណៈកម្មការមូលបត្រកម្ពុជាមាន ប៉ុន្ដែអ្វីដែលគណៈកម្មការមូលបត្រកម្ពុជា អនុវត្ដ គឺអនុវត្ដនូវសេចក្ដីថ្លែងការណ៍រួមមួយ ដែលបានធ្វើជាមួយធនាគារជាតិ និងអគ្គស្នងការនគរបាលជាតិ។
លោកស៊ូ សុជាតិ បានសង្កត់ធ្ងន់ថា «សេចក្ដីថ្លែងការណ៍នោះ ក្នុងគោលដៅតែមួយ គឺសូមមិនឲ្យសាធារណជន លោកប៉ះពាល់ទៅលើការជួញដូរទ្រព្យឌីជីថល ឬក៏យកការជួញដូរទ្រព្យឌីជីថលនេះ ជាមធ្យោបាយទូទាត់នោះទេ។ សូមឲ្យគាត់ កុំពាក់ព័ន្ធជាមួយនឹងប្រតិបត្ដិការទាំងអស់ រហូតទាល់តែអាជ្ញាធរពាក់ព័ន្ធ លោកផ្ដល់ជាអាជ្ញាប័ណ្ណ ស្របតាមបទបញ្ញត្ដិជាធរមាន ជូនដល់ក្រុមហ៊ុនត្រឹមត្រូវជាក់ស្ដែងណាមួយ»។
ជាមួយគ្នានោះ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជារូបនេះ បានលើកឡើងថា ក្នុងករណីមិនទាន់ផ្ដល់អាជ្ញាប័ណ្ណនេះទេ គណៈកម្មការមូលបត្រកម្ពុជាមិនលើកទឹក ហើយក៏មិនជំរុញក៏ដូចជាមិនចង់ឲ្យសាធារណជន ចូលប្រឡូកក្នុងវិស័យមួយ មានហានិភ័យ ដែលមានការងារមួយចំនួន ដែលគណៈកម្មការមូលបត្រកម្ពុជាមិនទាន់ច្បាស់លាស់នៅឡើយដែរ៕