(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធនពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានជួបប្រជុំ និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ ង្វៀន តាន់គឿង (NGUYEN TAN CUONG) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។
កិច្ចប្រជុំរវាងភាគីទាំងពីរ បានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមគ្នា និងការអភិវឌ្ឍ។
លោកឧត្តមសេនីយ៍ទោ ង្វៀន តាន់គឿង សម្តែងការអបអរសាទរជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងជា មេបញ្ជាការកងទ័ពជើងគោកនាពេលថ្មីៗ។
អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម រូបនេះក៏លើកឡើងថា លោកជឿជាក់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទំនាក់ទំនងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ នឹងកាន់តែភាពរឹងមាំ និងពង្រីកបន្ថែមទៀត។ លោកបានបន្តថា កងទ័ពប្រជាជនវៀតណាម នឹងបន្តជួយគាំទ្រ ដល់កងយោធពលខេមរភូមិន្ទ ក្នុងការកសាងសមត្ថភាពយោធិន ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តក្នុងវិស័យការពារជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូបលោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ លោកបានបន្តថា ទំនាក់ទំនងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ហើយលើសពីនេះទៀត ប្រទេសទាំងពីរ ជាប្រទេសភូមិផងរបរជាប់គ្នា។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា កងទ័ពនៃប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាសន្តិភាព ស្ថេរភាពតាមបណ្តោយព្រំដែន ដែលបង្កើតបានជាព្រំដែនដែលមានការអភិវឌ្ឍ តាមគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕