(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា គ.ស២០១៩នេះ ព្រះអង្គនឹងយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ បានយាងចេញពីប្រទេសកម្ពុជាទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។
វេទិកាអរិយធម៌អាស៊ី ត្រូវបានរៀបចំផ្តួចផ្តើមបង្កើតឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅឆ្នាំ២០១៥។ ក្នុងវេទិកាអរិយធម៌អាស៊ីជាលើកដំបូងនេះ បានពិភាក្សាដោយផ្តោតជាសំខាន់លើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។ វេទិកានេះមានគោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបានសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
វេទិកានេះរៀបចំឡើងដោយរួមមានវេទិកាតូចៗចំនួនប្រាំមួយទៀត ស្តីពីប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី និងការយល់ដឹងពីគ្នាទៅវិញទៅមក។
ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសុន្ទរកថាបើកវេទិកា បានបង្ហាញទឹកព្រះទ័យជឿជាក់ថា ការជួបជុំគ្នារវាងអ្នកជំនាញការ និងឯកទេសខាងវិស័យវប្បធម៌ សាសនា និងអរិយធម៌ ព្រមជាមួយការបង្ហាញអត្ថសញ្ញាណជាតិ វប្បធម៌តាមរយៈការហែក្បួន ការសម្តែងសិល្បៈ តាំងពិព័រណ៍ ការបង្ហាញម្ហូបអាហារ របស់ជាតិនីមួយៗ និងតាមរយៈសកម្មភាព ផ្សេងៗទៀតនៅក្នុងឱកាសដ៏ពិសេសនេះ នឹងនាំមកនូវពន្លឺថ្មី បទពិសោធន៍ថ្មីៗសម្រាប់អ្នកសិក្សានាសម័យបច្ចុប្បន្ន ប្រជាជនទូទៅយល់ដឹងកាន់តែជ្រាលជ្រៅ ល្អិតល្អន់ថែមទៀតពីប្រវត្តិនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសនានានៅក្នុងទ្វីបអាស៊ី និងទំនាក់ទំនងអន្តរទ្វីប អតីត ជាពិសេសទំនាក់ទំនងក្នុងវិស័យវប្បធម៌ សាសនា និងពាណិជ្ជកម្ម ដែលជាកត្តាលីករជំរុញឱ្យប្រទេសទាំងឡាយនៅអាស៊ីមានការអភិវឌ្ឍន៍រីកចម្រើន លូតលាស់យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងទៅ។
ក្នុងព្រះរាជសុន្ទរកថានោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានវាយតម្លៃខ្ពស់ ប្រកបដោយការជឿជាក់ថា លទ្ធផលដែលទទួលបាន ពីវេទិកាអរិយធម៌អាស៊ីលើកទី១នេះ នឹងរួមវិភាគទានយ៉ាងធំធេងប្រកបដោយប្រសិទ្ធភាព និងការជំរុញឱ្យមានទំនាក់ទំនងល្អរវាងប្រជាជាតិនៅអាស៊ីនាសម័យបច្ចុប្បន្ន ពូនជ្រុំ ការយោគយល់គ្នា ក្នុងតំបន់កាន់តែជ្រាលជ្រៅ និងលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងសន្តិភាព ភាតរភាព និងស្រឡាញ់គ្នាកាន់តែប្រសើរឡើង។
ព្រះអង្គ ក៏បានកោតសរសើរលោកប្រធានាធិបតីចិន ដែលបានផ្តួចផ្តើមបង្កើតសហគមន៍វាសនារួមរបស់មនុស្សជាតិ។ ព្រះអង្គបានចាត់ទុកគំនិតផ្តួចផ្តើមនេះ ជាឧត្តមគតិ និងមនសិការគិតគូរដល់ការកសាងសហគមន៍វាសនារួមរវាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនតូចធំ និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាអរិយប្រទេសមានវីរភាពប្រកបដោយភាពទន់ភ្លន់ គួរឱ្យគោរព និងកោតសរសើរខ្ពង់ខ្ពស់។
ក្នុងព្រះរាជសុន្ទរកថា ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ឈរលើការផ្តួចផ្តើមដ៏សំខាន់ខាងលើនេះ វេទិកាខ្សែក្រវាត់មួយ និងផ្លូវមួយ ត្រូវបានចាប់ផ្តើមឡើងដោយមានគណៈប្រតិភូច្រើនប្រទេសបានចូលរួម ពិតជាសក្ខីកម្មបង្ហាញឱ្យឃើញនូវសាមគ្គីភាពជាភាតរភាព នៃវាសនារួមគ្នា ដែលប្រទេសនីមួយៗទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយ និងផ្លូវមួយនេះ។
ក្នុងឱកាសមានព្រះរាជវត្តមាននៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ក្រៅពីការយាងចូលរួមវេទិកាអរិយធម៌អាស៊ី ព្រះមហាក្សត្រខ្មែរ ក៏បានយាងជួបសាវនាការទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរ។ ក្នុងជំនួបសវនាការនោះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលពិភាក្សាការងារជាច្រើនលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសចិន។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ប្រជាជនកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈទេសៈទាំងអស់ ហើយក៏បានបង្ហាញទឹកព្រះទ័យគាំទ្រយ៉ាងពេញទំនឹងចំពោះគោលនយោបាយ «ផ្លូវមួយខ្សែក្រវាត់មួយ»។
លោកប្រធានាធិបតីចិន បានទូលថ្វាយព្រះអង្គថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយជាតិរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទសកម្ពុជា ដើម្បីជំរុញភាពជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងប្រទេសកម្ពុជា ឲ្យបានរីកចម្រើនឈានដល់កម្រិតថ្មីមួយ។
ក្រៅពីយាងជួបសវនាការជាមួយប្រធានាធិបតី, ព្រះមហាក្សត្រខ្មែរ ក៏បានយាងជួបសវនាការជាមួយលោក វ៉ាង ឈឺសាន អនុប្រធានាធិបតីចិន។
ក្នុងជំនួបសវនាការនោះ លោក វ៉ាង ឈឺសាន បានទូលថ្វាយថា មិត្តភាពរវាងប្រទេសចិន និងកម្ពុជា មានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង ហើយចំណងមិត្តភាពរវាងចិន និងព្រះរាជវង្សានុវង្ស នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្លៃណាស់សម្រាប់ប្រទសចិន។
លោកបានទូលថ្វាយទៀតថា ស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំនៃប្រទេសទាំងពីរទំនាក់ទំនងចិន-កម្ពុជា ស្ថិតនៅក្នុងស្ថានភាពដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យមានព្រះរាជបន្ទូលថា ព្រះអង្គមានសេចក្តីរីករាយជាពន់ពេក ដែលបានយាងចូលរួមក្នុងវេទិកាអរិយធម៌អាសុីលើកទី១ ដែលបានស្នើឡើងដោយលោកប្រធានាធិបតី សុី ជីនភីង ក្នុងឱកាសនេះ។ ព្រះអង្គ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមដ៏ល្អប្រពៃនេះ ហើយប្រទេសកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការពង្រឹងការផ្លាស់ប្តូរ និងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាសម្រាប់ការអភិវឌ្ឍកាន់តែច្រើនផ្សេងទៀត។
អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ផងដែរនោះ ក្នុងព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរយាងទៅកាន់ប្រទេសចិននាពេលនេះ គឺចំនឹងខួបចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៦៦ព្រះវស្សាយាងចូល ៦៧ព្រះវស្សា។ ក្នុងពិធីលាងសាយភោជន៍ជូនគណៈប្រតិភូដែលបានយាង និងអញ្ជើញចូលរួមវេទិកាអរិយធម៌អាស៊ីនាវិមានប្រជាជនចិន លោក ស៊ី ជីនពីង និងភរិយា បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រខ្មែរ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចាត់កម្មវិធីនោះថា ជារឿងភ្ញាក់ផ្អើលមួយ។ ដោយឡែកប្រជាពលរដ្ឋខ្មែរក៏បានសម្តែងការជាប់ចិត្ត និងភ្ញាក់ផ្អើលចំពោះទឹកចិត្តប្រកបដោយការគោរពស្រឡាញ់ និងយកចិត្តទុកដាក់របស់ប្រធានាធិបតីចិន ចំពោះព្រះមហាក្សត្រខ្មែរផងដែរ៕