(ភ្នំពេញ)៖ គិតត្រឹមខែឧសភា ឆ្នាំ២០១៩នេះ រាជធានីភ្នំពេញ មានអតីតយុទ្ធជនកម្ពុជា សរុបចំនួន៩,៣១៨នាក់ ហើយក្នុងនោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់ ដូចជាការផ្តល់ការសាងសង់ផ្ទះជូន ការផ្តល់ដីដែលមានស្រាប់ ការជួសជុលផ្ទះ ការស្នើសុំដីនឹងផ្ទះទៅរស់ តាមបណ្តាខេត្តនានាជាដើម។
នេះបើតាមការបង្ហាញឲ្យដឹង ក្នុងពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ខែមិនា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា រាជធានីភ្នំពេញ។
លោកស្រី មុំ ចាន់ដានី បានឲ្យដឹងថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា រាជធានីភ្នំពេញ បាននិងកំពុងគ្រប់គ្រងធ្វើរបបគោលនយោបាយ ដល់អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប៩,៣១៨នាក់ ក្នុងនោះរួមមាន ជនពិការ១,២៦១នាក់ គ្រួសារពលី១,២១២នាក់ គ្រួសារមរណៈ៥៨២នាក់ និវត្តជន៣,៦៨៤នាក់ ជនបាត់បង់ពលកម្ម៦៧នាក់ បន្ទុក៩៩១៨នាក់ កូន២,៤១៤នាក់។
គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានចងក្រងជាសមាជិកសមាគមនៅតាមមូលដ្ឋាន ក្នុងរាជធានីភ្នំពេញចំនួន,៨៨០៦នាក់។ ក្នុងនោះរួមមាន៖
* បានចុះសួរសុខទុក្ខ សមាជិកសមាគមដែលមានជំងឺសម្រាក នៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះបានចំនួន១៤៨គ្រួសារ។
* បានបង្កើតគណៈកម្មការ ចុះត្រួតពិនិត្យនិងវាយតម្លៃ បានចុះត្រួតពិនិត្យវាយតម្លៃ លើសំណើរសុំរបស់សមាជិក សមាគមដែលក្រីក្រ ស្នើសុំសង់ផ្ទះចំនួន២៤ខ្នង ជួសជុលផ្ទះចំនួន៣២ខ្នង និងស្នើសុំដី និងផ្ទះទីរស់នៅ តាមបណ្តាខេត្តនានា ចំនួន១០១គ្រួសារ។
* បានទទួលថវិកា២០,០០០,០០០រៀល ពីលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការជួយសម្រាប់ដោះស្រាយបុណ្យសព អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលក្រីក្របំផុត។
* បានផ្តល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ខណ្ឌទាំង១២ ចំនួន៦១២៣នាក់។
* បានសហការចុះបើកផ្តល់ប្រាក់ឧបត្ថម្ភមរណៈសង្គ្រោះ និងប្រាក់ធនារ៉ាប់រងសង្គម ជូនដល់គ្រួសារ នៃសពសរុបចំនួន១៤៤សព។
ជាក់ស្តែងពេលនេះ មានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ចំនួន១៥៧គ្រួសារ ជួបការលំបាកត្រូវបានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង ប្រធានកិត្តិយសមាគម អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយជាជំហានៗ ក្នុងការផ្តល់ ការសុំសាងសង់ផ្ទះជូនដល់សមាជិក សមាគមលើដី ដែលមានស្រាប់ចំនួណ២៤ខ្នង ការសុំជួសជុលផ្ទះ ជូនចំនួន៣២ខ្នង និងការស្នើសុំដីនិងផ្ទះ ទៅរស់តាមបណ្តាខេត្តនានា ចំនួន១០១គ្រួសារ។
លោកស្រី កែវ សុខពិសី បានលើកឡើងថា ការប្រារឰពិធីខួបលើកទី១២ ទិវាអតីតកម្ពុជា២១ មិថុនានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ ដើម្បីរំឭកគុណូបការៈគុណ ចំពោះបងប្អូន អតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។
លោកស្រី បានបន្តទៀតថា ក្រោយឆ្នាំ១៩៧៩ បងប្អូនអតីតយុទ្ធជនរបស់យើងទាំងអស់ មានអាយុត្រឹមតែ១៥ទៅ ២០ឆ្នាំប៉ុណ្ណោះ តែមកដល់ពេលនេះ បានចូលនិវត្តន៍ទៅហើយ ខណៈដែលការណោះ បងប្អូននិវត្តន៍ជនទាំងអស់ សុទ្ធតែធ្វើការបំពេញការងារ ជូនជាតិដោយមិនមានប្រាក់ខែផងនោះ។
លោកស្រី បានបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានសុខសន្តិភាពពេញបរិបូរណ៍ ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេស
រហូតមានការអភិវឌ្ឍន៍រីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ។
ដោយមើល ឃើញពីគុណតំលៃដ៏មិនអាចកាត់ថ្លៃ ពីសំណាក់អតីតយុទ្ធជនរបស់យើង សម្ដេចបានបង្កើតឲ្យមានជាទិវារំលឹកអតីតយុទ្ធជននេះឡើង នៅថ្ងៃទី១២ មិថុនា ជារៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះ សម្ដេចនៅបានផ្ដល់ជាដីសម្បទាន ជាផ្ទះសំបែងជាថវិកា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើមថែមទៀត។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកស្រី មុំ ចាន់ដានី។
លោកស្រី បានបញ្ជាក់ទៀតថា ក្នុងនាមលោក ឃួង ស្រេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នឹងពង្រឹងការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពអតីតយុទ្ធជន ឲ្យបានប្រសើរឡើងទៅតាម អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៕