(កំពត-កែប)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បូករួមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍២ថ្ងៃផងនោះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២០៣,០៨៥នាក់ ទៅកម្សាន្តនៅតាមតំបន់ រមណីយដ្ឋាននានា ក្នុងខេត្តកំពត និងខេត្តកែប។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តទាំងពីរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។
តាមរបាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់ឱកាសឈប់សម្រាកចំនួន ៥ថ្ងៃកន្លងមកនេះ សម្រាប់ខេត្តកំពត មានភ្ញៀវទេសចរជាតិមានចំនួន ៩៩,៩៨៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៤,៤៥៣នាក់ រីឯខេត្តកែបវិញ មានភ្ញៀវទេសចរជាតិចំនួន ៩៦,១៦៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៤៧៩នាក់។
ជាការកត់សម្គាល់ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការកើនឡើងច្រើនយ៉ាងដូច្នេះ ដោយសារថ្ងៃឈប់សម្រាកបូករួមទាំងថ្ងៃសម្រាកចុងសប្តាហ៍មានរយៈពេល៥ថ្ងៃ និងម្យ៉ាងទៀត អាកាសធាតុមានលក្ខណៈអំណោយផលល្អ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រព័ន្ធហេដ្ឋានចរនាសម្ព័ន្ធមានលក្ខណៈល្អប្រសើរផងដែរ៕