(ព្រះសីហនុ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១២៦,០៣០នាក់ បានមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។
តាមរបាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់ឱកាសឈប់សម្រាកចំនួន៥ថ្ងៃកន្លងមកនេះ ភ្ញៀវជាតិមានចំនួន ១១០,៧៣០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៥,៣០០នាក់។
ជាការកត់សម្គាល់ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការកើនឡើងច្រើនយ៉ាងដូច្នេះ ដោយសារថ្ងៃឈប់សម្រាកបូករួមទាំងថ្ងៃសម្រាកចុងសប្តាហ៍មានរយៈពេល៥ថ្ងៃ និងម្យ៉ាងទៀត អាកាសធាតុមានលក្ខណៈអំណោយផលល្អ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រព័ន្ធហេដ្ឋានចរនាសម្ព័ន្ធមានលក្ខណៈល្អប្រសើរផងដែរ៕