(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ) និងមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនផងដែរ។
លោកវរសេនីយឯក ប៊ុន សត្យា ប្រធានការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទី កម្លាំងជំនាញបានធ្វើស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ ពណ៌ស ប្រវែង៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្នុងហាងអ៊ីនធឺណេតផ្ទះលេខ១៥EoZ ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៥៖៤៩នាទី។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អ៊ិន វីឆាថ ហៅ អ៊ិន រីឆាត ហៅ អ៊ិន រិះឆាថ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរឈ្មោះហៅក្រៅ ឆៃ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ (ឃាត់ចំណុចផ្លូវនរោត្តមកែង១៧៤ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ)។
វត្ថុតាងចាប់យកដាវកែច្នៃ ពណ៌ស ប្រវែង៧០សង់ទីម៉ែត្រ (មធ្យោបាយធ្វើសកម្មភាព) ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន ១០០៦៤៥៣ ពាក់ស្លាកលេខ ភ្នំពេញ ១CP-២៣៣០ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ។
ចំណែកជនរងគ្រោះមានឈ្មោះ ស៊ី ឆានឈុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកហាងអ៊ីនធឺណេតសម្ភារបាត់បង់ប្រាក់ដុល្លារ ចំនួន៦០០ដុល្លារអាមេរិក ប្រាក់រៀលចំនួន៦៤ម៉ឺនរៀល ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕