(វៀតណាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក ជួបសម្តែងការគួរសមជាមួយឧត្តមសេនីយ៍ឯក ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្រ្តីទី១ ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។
ឆ្លៀតនៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ផាន វ៉ាន់ហ្សាង (Phan Van Giang) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា ក្នុងឱកាសបំពេញបេសកកម្មផ្លូវការ នៅក្នុងប្រទេសវៀតណាម។
អនុរដ្ឋមន្រ្តីទី១ ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការរូបនេះ បានលើកឡើងថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាង និងមានប្រវត្តិសាស្រ្តរួមគ្នា ក្នុងការប្រយុទ្ធដើម្បីឯករាជ្យប្រទេសរៀងៗខ្លួន។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា កងទ័ពប្រជាជនវៀតណាម នៅតែបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយកងយោធពលខេមរភូមិន្ទ និងបន្តគាំទ្រកងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍសមត្ថភាពយោធិន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមដែលបាន និងបន្តគាំទ្រ ដល់កងយោធពលខេមរភូមិន្ទទាំងក្នុងសម័យសង្គ្រាម និងពេលបច្ចុប្បន្ន។ លោកឧត្តមសេនីយ៍ មានជំនឿថា ដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត៕