(ភ្នំពេញ)៖ នាយិកាមណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា លោកស្រី សរ ម៉ុន្ថា បានថ្លែងថា ការដែលអាណាព្យាបាល បញ្ជូនកូនៗរបស់ខ្លួនចាប់ពីអាយុក្រោម៦ឆ្នាំចូលរៀន នឹងធ្វើឱ្យខួរក្បាលរបស់កូន អភិវឌ្ឍបានល្អ ក្នុងការក្រេបនូវចំណេះដឹង ការអប់រំ វ័យឆ្លាត ក្លាហាន ដោយភាពរហ័សរហួន ។
លោកស្រី សរ ម៉ុន្ថា បានបញ្ជាក់ទៀតថា «ជាការពិតណាស់ ក្មេងកាន់តែតូច គឺកាន់តែមានសមត្ថភាព ជាពិសេសកុមារសុទ្ធតែមានទេពកោសល្យដ៏អស្ចារ្យពីកំណើត។ ដូច្នេះការអប់រំកុមារតូច ដែលធ្វើឡើងតាមរយៈការបង្វឹកខួរក្បាលទាំងសងខាង គឺមានសារៈសំខាន់ ដែលអាចឱ្យកុមារទទួលបាននូវការអភិវឌ្ឍខួរក្បាលយ៉ាងឆាប់រហ័ស»។
លោកស្រីនាយិកា បានថ្លែងថា «ក្មេងសុទ្ធតែមានសក្ដានុពលពីកំណើតគ្រប់ៗគ្នា ដូចឈើមួយដុំអ៊ីចឹង គឺមានរូបរាងទាំងមូល ប៉ុន្ដែសំខាន់យើងជាឪពុកម្ដាយ យើងគិតមុនថា តើយើងគួរឆ្លាក់គាត់ឱ្យចេញជារូបអី ចេញជារូបអីដប់ទៅដប់ប្រាំឆ្នាំក្រោយ។ អ៊ីចឹង ការប្រើខួរក្បាល គឺសំខាន់ខ្លាំងណាស់ ជាពិសេសខួរក្បាលខាងស្ដាំ ដែលតាំងពីនៅក្នុងផ្ទៃពោះ រហូតដល់អាយុ៦ឆ្នាំ»។
លើសពីនោះលោកស្រីថ្លែងបន្ថែម ការអភិវឌ្ឍខួរក្បាលរបស់កូន គឺចាប់ពីនៅក្នុងផ្ទៃម្ដាយម្ល៉េះ ដូច្នេះស្ដ្រីជាម្ដាយ ត្រូវចេះវិធីសាស្ដ្រ ក្នុងការជួយខ្លួន និងកូនក្នុងផ្ទៃ ដោយសារម្ដាយ និងកូន មានចំណងទំនាក់ទំនងរឹងមាំជាមួយគ្នា ដូច្នេះកំឡុងមានផ្ទៃពោះ ស្ដ្រីជាម្ដាយ មិនត្រូវស្ដ្រេសញឹកញាប់នោះទេ វានឹងធ្វើឱ្យកោសិកាខួរក្បាលរបស់កូនមិនល្អ ឬឆ្លាតវ័យនោះឡើយ។
អ្វីដែលម្ដាយត្រូវតែយល់ដឹងគឺ ត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង កុំឱ្យស្ដ្រេស និងបំប្លែងបរិយាកាសអាប់អួរ បែបទៅជារីករាយវិញ, ត្រូវឧស្សាហ៍អានសៀវភៅឱ្យកូនស្ដាប់ ការនិយាយលេងជាមួយកូននូវពាក្យល្អៗទន់ភ្លន់ និងអង្អែលថ្នមៗលើផ្ទៃពោះ នោះប្រព័ន្ធកោសិកាប្រសៃប្រសាទ ផ្នែកលឺ យល់ និងអារម្មណ៍ ដែលបានបង្កើតរួចហើយបន្ទាប់ពីកូននោះមានអាយុ១៦សប្ដាហ៍ឡើង កូននឹងលឺ និងភ្ញោចទៅដល់ប្រសៃប្រសាទរបស់កូនផងដែរ ។
លោកស្រី នាយិកា ក៏បានផ្ដាំផ្ញើដល់អាណាព្យាបាលគ្រប់រូបថា កូនជាអ្វីៗរបស់យើង ដូច្នេះ ក្នុងនាមជាអាណាព្យាបាល ត្រូវយកចិត្ដទុកដាក់ បង្រៀនគាត់ ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ជូនគាត់គ្រប់គ្រាន់ ទោះក្នុងកាលៈទេសៈរវល់យ៉ាងណាក៏ដោយ ក៏ត្រូវចេះរៀបចំពេលវេលាសម្រាប់គាត់ ដើម្បីជៀសពីបញ្ហាប្រឈមទៅថ្ងៃអនាគត ។
ទន្ទឹមនឹងនោះ លោកស្រី Mayumi Shichida នាយករងវិទ្យាស្ថានអប់រំ នៃប្រទេសជប៉ុន និងជានាយកក្រុមហ៊ុន Shichida Life បានឱ្យដឹងថា វិធីសាស្រ្ដអប់រំខួរក្បាលកុមារ ដែលទទួលបានជោគជ័យ គឺផ្ដោតសំខាន់៣ចំនុចគឺ ទី១៖ ទៅលើការអប់រំផ្លូវចិត្តរបស់កុមារ, ទី២៖ ការអប់រំនៃការទាញចេញនូវសមត្ថភាពរបស់កុមារ និងទី៣៖ ការបណ្ដុះបណ្ដាល និងអប់រំកុមារឱ្យបញ្ចេញនូវសមត្ថភាព ទៅលើអ្វីដែលកុមារមានចំណាប់អារម្មណ៍ និងការត្រិះរិះពិចារណានៅក្នុងការរស់នៅ។
ដោយមើលឃើញតំរូវការទាំងនេះ ទើបមណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា ត្រូវបានពង្រីកខ្លួនបន្ថែម ដោយបង្កើតនូវសាខាទី២ របស់ខ្លួន នៅកណ្តាលរាជធានីភ្នំពេញ។
នៅថ្ងៃ១១ឧសភា ឆ្នាំ២០១៩។ មណ្ឌលអប់រំកុមារតូចនេះ គឺជាកន្លែងអប់រំកុមារតូចតាំងពីអាយុ៦ខែ ដល់អាយុ ៦ឆ្នាំ ដោយការបណ្ដុះកុមារឱ្យមានសុបិន្ដធំ មានចិត្តសប្បុរស និងពោរពេញទៅដោយទេពកោសល្យ គឺជាចក្ខុវិស័យរបស់ស៊ីជីដា។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ ២០១៩នេះ កម្ពុជាមានកុមារអាយុក្រោម១៥ឆ្នាំ ប្រមាណជិត ៦លាននាក់ (ប្រុស ២,៦៦២,៦៥៧នាក់ និងស្រី ២,៦៤១,៣៩៦ នាក់។ នេះបើយោងតាមគេហទំព័រ Country Meters៕